ប៉េរូប្រកាសដាក់តំបន់ចំនួន ៣ ក្នុងគ្រាមានអាសន្នដោយសារបញ្ហាភ្លើងឆេះព្រៃ ខណៈហេតុការណ៍នេះបានបណ្តាលឱ្យពលរដ្ឋ ១៦នាក់បាត់បង់ជីវិត
- BY
- Pheakdey
- September 19, 2024
ប៉េរូ៖ លោកស្រីប្រធានាធិបតីនៃប្រទេសប៉េរូ Dina Boluarte បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅក្នុងតំបន់ចំនួន ៣ធំៗ ដែលកំពុងរងការគំរាមគំហែងយ៉ាងខ្លាំងពីបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញានេះ។ តំបន់ទាំង ៣នោះរួមមាន តំបន់ Amazonas តំបន់ San Martin និង តំបន់ Ucayali ដែលស្ថិតនៅប៉ែងខាងជើងប្រទេស។

លោកស្រី Dina Boluarte ប្រធានាធិបតីនៃប្រទេសប៉េរូ
ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះបញ្ហាភ្លើងឆេះព្រៃបានបណ្តាលឱ្យពលរដ្ឋប៉េរូត្រូវស្លាប់បាត់បង់ជីវិតអស់ចំនួន ១៦នាក់ ខណៈជាច្រើននាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ សូមបញ្ជាក់ជូនថា ប្រទេសប៉េរូតែងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃនៅក្នុងចន្លោះពីខែសីហាដល់ខែខែវិច្ឆិកា ហើយគិតត្រឹមពេលនេះអាជ្ញាធរប៉េរូបានដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកសង្គ្រោះបន្ទាន់ជាច្រើននាក់ទៅកាន់តំបន់កើតហេតុ ដើម្បីត្រៀមធ្វើអន្តរាគមន៍ជួយពន្លត់ភ្លើងនិងជួយពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






