ថៃដាក់ចេញទិដ្ឋាការថ្មីប្រភេទ DTV ដែលមានសុពលភាពដល់ ១៨០ថ្ងៃ ដើម្បីទាក់ទាញជនបរទេសឱ្យមកស្នាក់នៅក្នុងប្រទេសខ្លួនរយៈពេលវែង
- BY
- Pheakdey
- September 21, 2024
ថៃ៖ រដ្ឋាភិបាលថៃបានដាក់ចេញនូវទិដ្ឋាការថ្មីមួយប្រភេទដើម្បីលើកទឹកចិត្តឱ្យជនបរទេសធ្វើដំណើរមកកាន់ប្រទេសខ្លួនកាន់តែច្រើន ដោយទិដ្ឋាការថ្មីនេះមានឈ្មោះថា “Destination Thailand Visa (DTV)” ឬមានន័យជាខេមរភាសាថា “ទិដ្ឋាការឆ្ពោះទៅកាន់ប្រទេសថៃ”។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែកញ្ញានេះបានបញ្ជាក់ថា ទិដ្ឋាការប្រភេទ DTV នេះ មានគោលដៅទាក់ទាញក្រុមជនបរទេសដែលជាអ្នកកំពុងធ្វើការងារតាមប្រព័ន្ធ Online ឱ្យមកស្នាក់នៅក្នុងប្រទេសថៃក្នុងរយៈពេលវែង ខណៈដែលពួកគេនៅតែអាចបំពេញការងារបានជាធម្មតាក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងប្រទេសថៃនេះ។

បើតាមលោក Maris Sangiampongsa រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានឱ្យដឹងថា ដើម្បីទទួលបានទិដ្ឋាការ DTV ក្រុមជនបរទេសទាំងអស់អាចធ្វើការដាក់ពាក្យស្នើសុំតាមប្រព័ន្ធ Online ( Electronic Travel Authorization) បាន ហើយនៅពេលដែលការស្នើសុំរបស់ពួកគេត្រូវបានអនុញ្ញាត ពួកគេនឹងទទួលបាន QR Code មួយ ដែលពួកគេអាចយកទៅប្រើប្រាស់ជាទិដ្ឋាការផ្លូវបានការ។
រដ្ឋមន្ត្រីរូបនេះបានបន្តថា សុពលភាពរបស់ទិដ្ឋាការ DTV គឺមានរយៈពេលរហូតដល់ ១៨០ថ្ងៃ ដោយបន្ថែមពីលើសុពលភាពនៃទិដ្ឋាការធម្មតា ហើយនៅពេលទិដ្ឋាការ DTV ចប់សុពលភាពក្នុងរយៈពេល ១៨០ថ្ងៃលើកទីមួយ ក្រុមជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសថៃស្រាប់ក៏អាចស្នើសុំពន្យាសុពលភាពទិដ្ឋាការនេះបានរយៈពេល ១៨០ថ្ងៃបន្ថែមមទៀតផងដែរ។
លោករដ្ឋមន្ត្រី Maris Sangiampongsa បានបង្ហាញសុទិដ្ឋិនិយមថា ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ក្រុមជនបរទេសទាំងអស់នោះនឹងរួមចំណែកជួយបង្កើនសេដ្ឋកិច្ចជាតិថៃតាមរយៈរូបភាពជាច្រើនដូចជា ចំណាយលុយលើការធ្វើដំណើរ ការស្នាក់នៅ ចំណីអាហារ និងសេវាកម្សាន្តផ្សេងជាច្រើនទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






