Samsung បន្ថែមទុន ១,៨ពាន់លានដុល្លារសាងសង់រោងចក្រផលិតអេក្រង់ OLED នៅវៀតណាម ខណៈទុនសរុបរបស់ក្រុមហ៊ុនខ្នាតយក្សមួយនេះនៅវៀតណាមមានរហូតដល់ ២២,៤ពាន់លានដុល្លារ
- BY
- Pheakdey
- September 23, 2024
វៀតណាម៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung គ្រោងនឹងបោះទុនក្នុងទំហំទឹកប្រាក់ចំនួន ១,៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតអេក្រង់ប្រភេទ OLED នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃចន្ទ ទី២៣ ខែកញ្ញា។ តាមគម្រោងគឺការវិនិយោគខាងលើនេះនឹងត្រូវធ្វើឡើងនៅក្នុងត្រីមាសទី ៤នៃឆ្នាំ២០២៤ ខណៈទីតាំងនៃការសាងសង់រោងចក្រនេះគឺនៅក្នុងខេត្ត Bac Ninh ភាគខាងជើងនៃប្រទេសវៀតណាម។

ប្រភពខាងលើបានបន្តថា ខេត្ត Bac Ninh គឺជាទីតាំងសម្រាប់ធ្វើអាជីវកម្មខ្នាតអន្តរជាតិដ៏មានសក្តានុពលមួយ ដោយគិតត្រឹមពេលនេះខេត្ត Bac Ninh បានទទួលគម្រោងវិនិយោគពីក្រុមហ៊ុន Samsung ក្នុងទំហំទឹកប្រាក់ចំនួន ៦,៥ពាន់លានដុល្លាររួចហើយ ខណៈបើបូកទាំងគម្រោងថ្មីខាងលើនេះមួយបន្ថែមទៀតគឺទុនវិនិយោគរបស់ក្រុមហ៊ុន Samsung នៅក្នុងខេត្តមួយនេះនឹងត្រូវកើនឡើងដល់ ៨,៣ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះក្រុមហ៊ុន Samsung មានរោងចក្រផលិតឧបករណ៍អេឡិចត្រូនិចផ្សេងៗជាច្រើនរបស់ខ្លួនចំនួន ៦កន្លែងនៅក្នុងប្រទេសវៀតណាមទាំងមូល ហើយបើគិតជាទុនសរុបគឺមានតម្លៃជាទឹកប្រាក់ចំនួន ២២,៤ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters
- Share This Post:






