អន្តរជាតិ

ថៃ គ្រោងរៀបចំពិធីមង្គលការទ្រង់ទ្រាយធំមួយដោយមានគូស្នេហ៍ជាអ្នកស្រលាញ់ភេទដូចគ្នាចូលរួមជាង ១,០០០គូ នៅដើមឆ្នាំក្រោយ

BY
Pheakdey
September 26, 2024

ថៃ៖ ថៃគ្រោងនឹងរៀបចំពិធីមង្គលការរវាងអ្នកស្រលាញ់ភេទដូចគ្នាទ្រង់ទ្រាយធំមិនធ្លាប់មានមួយក្រោយច្បាប់អនុញ្ញាតឱ្យអ្នកស្រ​លាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់ចូលជាធរមាននៅដើមឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៦​ ខែកញ្ញា។ តាមគម្រោងគឺពិធីមង្គលរវាងអ្នកស្រលាញ់ភេទដូចនេះលើកដំបូងនៅក្នុងប្រទេសថៃនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ ខណៈគូស្នេហ៍ដែលត្រូវចូលរួមទាំងអស់គឺមានជាង ១,០០០គូឯណោះ។

គួររម្លឹកជូនថា កាលពីថ្ងៃទី២៤ កន្លងទៅនេះ ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន បានឡាយព្រះហស្តលេខាលើសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យពលរដ្ឋថៃជាអ្នកស្រលាញ់ភេទដូចគ្នាអាចមានសិទ្ធរៀបការបានដោយស្របច្បាប់ហើយ ខណៈច្បាប់នេះនឹងចូលជាធរមាននៅក្នុងរយៈពេល ១២០ថ្ងៃទៀត ពោលគឺនៅដើមឆ្នាំ២០២៥។ តាមរយៈការបង្កើតច្បាប់ថ្មីនេះបានធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសទីមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសទី៣៧ នៅលើពិភពលោក ដែលមានច្បាប់អនុញ្ញាតឱ្យមានការរៀបការរវាងអ្នកស្រលាញ់ភេទដូចគ្នាដូចពលរដ្ឋទូទៅដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: