បង្កើតភាពទាក់ទាញ៖ រដ្ឋបាលស្រុកព្រះនេត្រព្រះ ដាក់តម្កល់រូបចម្លាក់ជានិមិត្តរូបស្រុក
- September 28, 2024
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រូបចម្លាក់ដែលធ្វើអំពីថ្មខ្សាច់ចំនួនពីរ។ ទីមួយជារូបសំណាកបុរសជាងចម្លាក់ដោយនៅក្នុងដៃមានកាន់ញញួរ និងពន្លាក និងរូបមួយទៀតជារូបតោដ៏មានអំណាច ត្រូវបានរដ្ឋបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យលើកតម្កល់នៅសួនស្រះជប់ ខាងមុខសាលាស្រុក ជាប់ផ្លូវជាតិលេខ៦ នាភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ការតម្កល់រូបសំណាកនេះបន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់ជានិមិត្តរូបរបស់ស្រុកព្រះនេត្រព្រះ។
រូបនិមិត្តរូបស្រុកព្រះនេត្រព្រះនេះត្រូវណែនាំឱ្យឆ្លាក់ពីថ្មខ្សាច់ពណ៌ក្រហម ដោយជាងចម្លាក់ឈ្មោះ ញ៉ែម កេន នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ។ ទំហំរូបជាងនិងតោ កម្ពស់១,៧ម៉ែត្រ,បល្ល័ង្កកម្ពស់០,៤ម៉ែត្រ, បណ្តោយ១,៤ម៉ែត្រ, ទទឹង០,៨ម៉ែត្រ។
មិនមែនជារឿងចៃដន្យទេក្នុងការដាក់រូបសំណាកនេះ ពីព្រោះទីនេះមានប្រវត្តិជាយូរលង់ទាក់ទងនឹងរបរជាប្រពៃណីរបស់ប្រជាជនស្រុកព្រះនេត្រព្រះ ពិសេសប្រជាជននៅឃុំជប់វារី ដែលនៅជាប់នឹងភ្នំជញ្ជាំងនេះតែម្តង គឺរបរចម្លាក់ថ្ម។ ក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការក្នុងការអនុញ្ញាតឱ្យប្រើប្រាស់រូបសំណាកជានិមិត្តរូបស្រុក។ ស្រុកព្រះនេត្រព្រះមានសហគមន៍ជីករ៉ែ ថ្មនិងចម្លាក់ថ្មដ៏ធំបំផុតនិងតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ដែលស្ថិតត្រង់ប្រជុំជនស្រុក។
ម្យ៉ាងទៀតប្រជុំជនស្រុកនេះ ក៏មានមរតកធម្មជាតិមានតែមួយគត់ក្នុងខេត្តដែរ គឺទឹកជប់ ជាទឹកហូរចេញពីក្នុងដីដែលបច្ចុប្បន្ន មានស្រះទឹកថ្លាយង់ដ៏ធំមួយនៅខាងមុខសាលាស្រុក។
តាមការបញ្ជាក់របស់លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ របរចម្លាក់ថ្ម ជាមរតកពីដូនតារាប់រយឆ្នាំមកហើយ។ របរប្រពៃណីនេះបានងើបឡើងវិញនៅឆ្នាំ១៩៨៧ហើយផុលផុស និងដំណើរការខ្លាំងចាប់ពីឆ្នាំ២០០២មកខណៈវិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងសេដ្ឋកិច្ច សង្គម មានសម្ទុះខ្លាំង។
នៅទីនេះមានសិប្បកម្មចម្លាក់ថ្មជារូប និងសិប្បកម្មកាត់ជាការ៉ូ និងឥដ្ឋជាង ២០កន្លែង។ ក្នុងនោះ ក៏មានចម្លាក់រូបអនុស្សារីយ៍ និងចម្លាក់ព្រះពុទ្ធបដិមា រូបចម្លាក់ផ្សេងៗមានតម្លៃខ្ពង់ម៉ឺនដុល្លារក៏មានដែរ។
លោក ឃូ ពៅ ធ្លាប់បានប្រាប់ថា អាជ្ញាធរនិងជំនាញបានបង្កលក្ខណៈងាយស្រួលលើកទឹកចិត្តនិងជំរុញឱ្យសហគមន៍ចម្លាក់ថ្មភ្នំជញ្ជាំងនេះបន្តថែរក្សាប្រវត្តិប្រពៃណី មរតក និងចលនាជា”ភូមិមួយ ផលិតផលមួយ”។ ឋផលិតផលចម្លាក់ថ្មភ្នំជញ្ជាំងនេះ បានជួយលើកមុខមាត់កេរ្តិ៍ឈ្មោះភូមិស្រុកភូមិផងដែរ។ដូចនេះមានថែក្សាប្រពៃណីនិងប្រភពចំណូលមិនរីងស្ងួតរបស់ពលរដ្ឋ តាមរយៈការទទួលផលដោយផ្ទាល់ និងដោយប្រយោល។
ក្នុងពេលលើករូបសំណាកតម្កល់ជាផ្លូវការកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មានវត្តមានលោក ឃូ ពៅអភិបាលស្រុក,លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមន្រ្តីនៃរដ្ឋបាលស្រុកជាច្រើនរូបចូលរួម។
លោក ឃូ ពៅ បានប្រាប់ឱ្យដឹងថា រដ្ឋបាលស្រុកបានចំណាយថវិកាលើការឆ្លាក់រូបនេះ ក្នុងនោះលោក ញ៉ែម កេន ជាងចម្លាក់ក៏បានចូលរួមជួយផងដែរ មានបង្កាន់ដៃថ្មលើខឿនបេតុង។ លោកបន្តថា ការលើកមកតម្កល់លើខឿននាថ្ងៃនក្ខត្តឬក្សនេះគ្រាន់ជាបណ្តោះអាសន្នសិន។ ឯពិធីសម្ពោធផ្លូវការនឹងធ្វើនៅក្រោយបុណ្យភ្ជុំបិណ្ឌ ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: