ទឹកទន្លេខេត្តកំពង់ចាមបានស្រកចុះជិតកន្លះម៉ែត្រ ខណៈពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់
- BY
- Nisaiy KN
- September 29, 2024
(កំពង់ចាម)៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា ទឹកទន្លេខេត្តកំពង់ចាមបានស្រកចុះជិតកន្លះម៉ែត្រ ខណៈពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់។
ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ ស្ថានភាពទឹកទន្លេ មេគង្គខេត្តកំពង់ចាមបានចាប់ផ្តើមស្រកចុះមកវិញជាបណ្តើរៗស្ថិតនៅក្រោមកម្ពស់ ១៤ម៉ែត្រ។ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថាទឹកទន្លេបានស្រកនៅកម្ពស់ ១៣.៨៨ម៉ែត្រ ធៀប ថ្ងៃម្សិលមិញទឹកស្រក ០,៤០ម៉ែត្រ។
ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៣ ទឹកទន្លេមានកម្ពស់ ១១,៨០ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់ ១៥,២០ម៉ែត្រ។ដោយឡែកស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជិតចំណុចប្រកាសប្រុងប្រយ័ត្ននេះធ្វើឲ្យព្រែកចំនួន ៣៦ក្នុងចំណោម ៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គ។
ទន្ទឹមនេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម សូមអំពាវ នាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ព្រមទាំងផ្លូវទឹកនានាក្នុងខេត្ត កំពង់ចាម សូម បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះស្ថានភាពទឹក ជំនន់ទន្លេមេគង្គ និងយក ចិត្តទុកដាក់ខ្ពស់ក្នុងការ ការពារសុវត្ថិភាព និងអប់រំកូនចៅកុំឱ្យលេងទឹក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការត្រៀមបង្ការគ្រោះថ្នាក់ផ្សេងៗ ក្នុងរដូវទឹកជំនន់ទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមនាពេលកន្លងទៅថ្មីៗនេះ។
ប្រភព៖ ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម
- Share This Post: