អន្តរជាតិ

លោក ដូណាល់ ត្រាំ ដាក់លក់នាឡិកាដៃប្រណិតម៉ាក “Trump” ជាមួយតម្លៃ ១០ម៉ឺនដុល្លារ

BY
Pheakdey
October 5, 2024

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា គឺជាអ្នកនយោដែលពូកែធ្វើទីផ្សារនិងរកប្រាក់ចំណូលដ៏ប៉ិនប្រសប់មួយរូប ដ្បិតរូបលោកតែងអាចប្រមូលប្រាក់បានយ៉ាងច្រើនពីក្រុមអ្នកគាំទ្រចលនានយោបាយរបស់គាត់តាមរយៈការលក់សម្ភារៈជាច្រើនប្រភេទ។ នាពេលកន្លងមក លោក  ដូណាល់ ត្រាំ ធ្លាប់បានដាក់លក់ អាវ អាវយឺត មួក ស្បែកជើង ពែង ដបទឹក បណ្តោងសោរ កន្សែង កាត សាច់ស្តេក ​និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត​ ដែលស្ថិតនៅក្រោមម៉ាកយីហោជាឈ្មោះរបស់គាត់ផ្ទាល់តែម្តង។

ក្រៅពីលើផលិតផលដូចបានរៀបរាប់ខាងលើ ថ្មីៗនេះលោក ដូណាល់ ត្រាំ បានដាក់លក់នូវផលិតផលថ្មីមួយបន្ថែមទៀតគឺនាឡិកាដៃប្រណិត ដែលត្រូវបានរចនាឡើងដោយប្រើមាសសុទ្ធទម្ងន់ ២០០ក្រាម និងលម្អទៅដោយពេជ្រចំនួន ១០០គ្រាប់ផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា នាឡិកាប្រណិតម៉ាក Trump នេះត្រូវបានដាក់លក់ក្នុងតម្លៃរហូតដល់ ១០០,០០០ ដុល្លារអាមេរិកឯណោះ។ សូមបញ្ជាក់ជូនថា លោក ដូណាល់ ត្រាំ ជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ ខណៈអាមេរិកនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅក្នុងថ្ងៃទី៥​ ខែវិច្ឆិកាខាងមុខនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: