អន្តរជាតិ

ទឹកជំនន់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ បានបណ្តាលឱ្យដំរី ២ក្បាល និងមនុស្ស ៣នាក់បាត់បង់ជីវិត

BY
Pheakdey
October 7, 2024

ថៃ៖ ខេត្តឈៀងម៉ៃដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលស្ថិតនៅប៉ែកខាងជើងប្រទេសថៃកំពុងរងការវាយប្រហារដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៧ ខែតុលា។ ទឹកជំនន់បានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ហើយបានជន់លិចផ្លូវ និងហាងលក់ទំនិញជាច្រើនកន្លែងនៅក្នុងខេត្តឈៀងម៉ៃ។

បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា​ គិតត្រឹមពេលនេះឥទ្ធិពលរបស់ទឹកជំនន់បានបណ្តាលឱ្យសត្វដំរីចំនួន ២ក្បាលត្រូវលង់ទឹកស្លាប់ មនុស្សចំនួន ៨០នាក់ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបន្ទាន់ និងមនុស្សចំនួន ៣នាក់ស្លាប់បាត់បង់ជីវិតផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិទាំងអស់នោះរួមមាន បុរសអាយុ ៤៤ឆ្នាំម្នាក់បានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ស្រ្តីអាយុ ៣៣ឆ្នាំម្នាក់បានស្លាប់ដោយសារការបាក់ដី និងជនរងគ្រោះម្នាក់ទៀតស្លាប់ដោយសារលង់ទឹក៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: