ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីមួយ ចេញមុខសុំទោសអ្នកដំណើរ ក្រោយមានកំហុសបច្ចេកទេសចាក់ភាពយន្តមិនសមរម្យ ជូនអ្នកដំណើរទស្សនាពេញមួយយន្តហោះ
- BY
- Pheakdey
- October 8, 2024
អូស្រ្តាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas បានចេញមកធ្វើការសុំទោសជាធារណៈចំពោះបញ្ហាបច្ចេកទេស ដែលនាំឱ្យមានការចាក់ផ្សាយនូវភាពយន្តបែបស៊ិចស៊ីនិងអាសអាភាសជូនអ្នកដំណើរទស្សនាពេញមួយយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែតុលា។ រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងតែពីសប្តាហ៍មុនម្ល៉េះ និងបានកើតឡើងចំពោះជើងហោះហើរ ដែលមានទិញដៅហោះហើរចេញពីទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។
បើតាមអ្នកនាំពាក្យឱ្យក្រុមហ៊ុនអាកាសចរណ៍ Qantas បានប្រាប់ឱ្យដឹងថា នៅក្នុងអំឡុងពេលនៃការហោះហើរខាងលើនេះ នៅក្នុងយន្តហោះស្រាប់តែមានបញ្ហាបច្ចេកទេស ដែលធ្វើឱ្យអ្នកដំណើរទាំងអស់មិនអាចជ្រើសរើសខ្សែភាពយន្តឬវីដេអូណាមួយសម្រាប់ទស្សនាបានដោយខ្លួនឯងនោះទេ។ នៅចំពោះមុខបញ្ហានេះ ក្រុមអ្នកបម្រើការងារនៅលើយន្តហោះក៏បានសម្រេចជ្រើសរើសខ្សែភាពយន្តមួយដែលមានចំណងជើងថា “Daddio” ដែលមានការចូលរួមសម្តែងពីតារាស្រីដ៏ល្បីឈ្មោះ Dakota Johnson និងតារាសម្តែងប្រុសឈ្មោះ Sean Penn ឱ្យអ្នកដំណើរទាំងអស់បានទស្សនាដូចៗគ្នា។ យ៉ាងណាក្តី នៅក្នុងខែ្សភាពយន្តនេះមានលាយនូវឈុតឆាកនិងប្រើប្រាស់ពាក្យសំដីមួយចំនួនបែបអាសអាភាស ដែលវាគឺរឿងមិនសមរម្យទាល់តែសោះសម្រាប់អ្នកដំណើរភាគច្រើន ជាពិសេសនោះគឺចំពោះអ្នកដំណើរជាកុមារនិងស្រ្តីតែម្តង៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: