អន្តរជាតិ

រដ្ឋមួយចំនួននៅអាមេរិក ប្តឹង TikTok ដោយចោទថា បានជំរុញឱ្យមានវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់

BY
Pheakdey
October 9, 2024

អាមេរិក៖ អាជ្ញាធរនៃរដ្ឋចំនួន ១៤នៅក្នុងសហរដ្ឋអាមេរិកបានដាក់ពាក្យប្តឹងក្រុមហ៊ុន TikTok ទៅកាន់តុលាការដោយបានចោទប្រកាន់ថា បណ្តាញសង្គម TikTok បានជំរុញឱ្យមានវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមក្មេងជំទង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី៩ ខែតុលា។ នៅក្នុងពាក្យបណ្តឹងបានអះអាងថា TikTok មានមុខងារធ្វើឱ្យកុមារញៀនទៅនឹងកម្មវិធី ហើយបណ្តាញសង្គមរបស់ចិនមួយនេះក៏មានចេតនាបំភាន់សាធារណជនអំពីផលប៉ះពាល់នៃការប្រើប្រាស់ក្នុងរយៈពេលវែងផងដែរ។

ឆ្លើយតបទៅនឹងពាក្យបណ្តឹងខាងលើនេះ ក្រុមហ៊ុន TikTok បានលើកឡើងថា​ ការចោទប្រកាន់របស់អាជ្ញាធរអាមេរិកពុំមានភាពត្រឹមត្រូវនិងមានភស្តុតាងច្បាស់លាស់ឡើង ហើយការចោទប្រកាន់នេះគ្រាន់តែជាផ្នែកមួយជួយគាំទ្រទៅនឹងគម្រោងហាមឃាត់កម្មវិធី TikTok ពីសំណាក់រដ្ឋាភិបាលអាមេរិកតែប៉ុណ្ណោះ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងអាមេរិកជាមួយនិងក្រុមហ៊ុន TikTok បានកើតឡើងអស់រយៈជាយូរមកហើយ ដោយអាមេរិកតែងចោទប្រកាន់ថា TikTok ជាចារកម្មរបស់រដ្ឋាភិបាលចិន ដែលតែងតែលួចប្រមូលយកទិន្នន័យរបស់ពលរដ្ឋអាមេរិកឱ្យរដ្ឋាភិបាលចិន ខណៈអាមេរិកក៏គ្រោងនឹងអនុវត្តច្បាប់ហាមឃាត់បណ្តាញសង្គមមួយនេះមិនឱ្យដំណើរការនៅលើទឹកដីអាមេរិកនៅដើមឆ្នាំក្រោយនេះផងដែរ ប្រសិនបើក្រុមហ៊ុន TikTok មិនព្រមលក់ភាគហ៊ុនខ្លះឱ្យអាមេរិកគ្រប់គ្រងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖  BBC

Share This Post: