ពលរដ្ឋអាមេរិកជិត ២លាននាក់កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ដោយសារឥទ្ធិពលរបស់ព្យុះ Milton
- BY
- Pheakdey
- October 10, 2024
អាមេរិក៖ ព្យុះ Milton កំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងតំបន់សំខាន់ៗជាច្រើនក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា។ ព្យុះ Milton បានធ្វើដំណើរទៅដល់រដ្ឋផ្លរីដា កាលពីម៉ោង ៨ និង ៣០នាទីយប់មិញនេះ ដោយព្យុះមួយនេះបានបក់បោកក្នុងល្បឿនប្រមាណជា ១២០គីឡូម៉ែត្រនៅក្នុងមួយម៉ោង។

គិតត្រឹមពេលនេះ ឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានភ្លៀងឆ្លាក់យ៉ាងខ្លាំង ហើយតំបន់មួយចំនួនបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងច្រើននោះ ក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីយ៉ាងឆាប់រហ័សបន្ថែមទៀតផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ឥទ្ធិពលរបស់ព្យុះបានបំផ្លាញផ្ទះអស់ជាង ១០០ខ្នង ហើយបានបង្ខំឱ្យអាជីវកម្មជាច្រើនត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ខណៈពលរដ្ឋជាង ១,៨លាននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គីសនីប្រើប្រាស់។ យ៉ាងណាក្តី ឥទ្ធិពលរបស់ព្យុះ Milton នៅមិនទាន់បង្កឱ្យពលរដ្ឋអាមេរិកណាម្នាក់បានស្លាប់បាត់បង់ជីវិត ឬរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






