អន្តរជាតិ

ចិន ធ្វើសមយុទ្ធយោធាឡោមព័ទ្ធកោះតៃវ៉ាន់ទាំងមូល

BY
Pheakdey
October 14, 2024

ចិន៖ ចិនបានដាក់ពង្រាយយន្តហោះចម្បាំងនិងនាវាចម្បាំងជាច្រើនគ្រឿងដើម្បីឡោមព័ទ្ធកោះតៃវ៉ាន់ នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា។ ការដាក់ពង្រាយយន្តហោះចម្បាំងនិងនាវាចម្បាំងនៅពេលនេះត្រូវបានអាជ្ញាធរចិនអះអាងថា គឺជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយដែលមានគោលបំណងចង់ព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់កោះតៃវ៉ាន់ថា ចិនពិតជាមានសមត្ថភាពអាចវាយសម្រុកដើម្បីគ្រប់គ្រងកោះតៃវ៉ាន់បានគ្រប់ពេលវេលា ក្នុងករណីដែលតៃវ៉ាន់ចង់ផ្តាច់ខ្លួនពីប្រទេសចិន។

គួររម្លឹកជូនថា ភាពតានតឹងរវាងកោះតៃវ៉ាន់និងចិនបានកើតឡើងជាថ្មីម្តងទៀត ក្រោយលោក​ប្រធានាធិបតីតៃវ៉ាន់ ឡៃ ឈីងទឿ បានថ្លែងនៅក្នុងពិធីបុណ្យជាតិកាលពីថ្ងៃទី១០ ខែតុលាថា  លោក​នឹង​ដឹកនាំតៃវ៉ាន់ដោយឈរលើគោលជំហររក្សា ​Statu Quo តស៊ូប្រឆាំងដាច់ខាតចំពោះការ​ឈ្លានពាន​មកលើ​​អធិបតេយ្យភាពនិងបូរណភាពទឹកដីតៃវ៉ាន់។ ភ្លាមៗក្រោយការថ្លែងដូចនេះ ក្រសួងការបរទេសចិន​បានចោទប្រកាន់ថា លោក​ ឡៃ ឈីងទឿ គឺជាជនបះបោរចង់បំបែកទឹកដីចិន និងថែមទាំងបានអះអាងទៀតថា សេចក្តីថ្លែងការនេះនឹងនាំមហន្តរាយ​ដល់ប្រជាជន​​តៃវ៉ាន់។ បន្ថែមពីលើការចោទប្រកាន់នេះ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញមកប្រកាសបញ្ជាក់ទៀតថា គ្មានថ្ងៃ​ដែលតៃវ៉ាន់នឹងក្លាយជាប្រទេសឯករាជ្យមួយនោះទេ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: