អន្តរជាតិ

តុលាការអាមេរិកបង្គាប់ឱ្យក្រុមហ៊ុន Meta ចូលមកដោះស្រាយបណ្តឹងដែលចោទថា ក្រុមហ៊ុនបានជម្រុញឱ្យមានបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមមនុស្សវ័យជំទង់

BY
Pheakdey
October 16, 2024

អាមេរិក៖ ចៅក្រមសហព័ន្ធនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសម្រេចឱ្យក្រុមហ៊ុន Meta ត្រូវតែចូលមកដោះស្រាយពាក្យបណ្តឹងដែលបានចោទប្រកាន់ថា ក្រុមហ៊ុនបានជម្រុញឱ្យមានបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងចំណោមមនុស្សវ័យជំទង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៦ ខែតុលា។ គួរបញ្ជាក់ថា ក្រុមហ៊ុន Meta គឺជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គមធំៗចំនួន២ គឺបណ្តាញសង្គម Facebook និងប​ណ្តាញសង្គម Instagram ។

ប្រភពខាងបានបន្តថា ពាក្យបណ្តឹងខាងលើនេះត្រូវធ្វើឡើងដោយអាជ្ញាធរប្រចាំរដ្ឋជាង ៣០នៅទូទាំងសហរដ្ឋអាមេរិក​ ក្រោយអាជ្ញាធរទាំងនោះបានមើលឃើញថា បច្ចុប្បន្ននេះមានពលរដ្ឋវ័យក្មេងជាច្រើនកំពុងតែវក់ប្រើប្រាស់បណ្តាញសង្គម Facebook និងប​ណ្តាញសង្គម Instagram យ៉ាងងប់ងុលបំផុត។ ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានចេញមកបដិសេធចំពោះការចោទប្រកាន់ខាងលើ និងបានអះអាងក្រុមហ៊ុនបានបន្តដាក់ចេញវិធានការនិងមុខងារសំខាន់ៗជាច្រើនដើម្បីជួយការពារក្រុមអ្នកប្រើប្រាស់វ័យក្មេងរួចរាល់ហើយក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។យ៉ាងណាក្តី ក្រុមហ៊ុន Meta នឹងចូលខ្លួនទៅដោះស្រាយបញ្ហាចម្រូងសម្រាសនេះតាមផ្លូវច្បាប់ជាមួយអាជ្ញាធរអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: