អន្តរជាតិ

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ក្រោយទទួលបានសារគំរាមវាយប្រហារដោយគ្រាប់បែកលើបណ្តាញអ៊ីនធឺណិត

BY
Pheakdey
October 16, 2024

ឥណ្ឌា៖ ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាបានសម្រេចធ្វើការចុះចតជាបន្ទាន់ក្រោយទទួលសារគំរាមវាយប្រហារដោយគ្រាប់បែបតាមបណ្តាញអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃអង្គារ ទី១៦ ខែតុលា។ ជើងហោះហើរមួយនេះស្ថិតនៅក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដោយបានប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A350-900។

ប្រភពខាងលើបានបន្តថា ជើងហោះហើរខាងលើមានទិសដៅចេញដំណើរពីទីក្រុង New Delhi នៃប្រទេសឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង Chicago​ រដ្ឋ Illinois សហរដ្ឋអាមេរិក។ ក្រោយទទួលបានដំណឹងអំពីការគំរាមវាយប្រហារដោយគ្រាប់បែបតាមបណ្តាញអ៊ីនធឺណិតភ្លាម ជើងហោះហើរក៏បានសូមធ្វើការចុះចតជាបន្ទាន់នៅក្នុងព្រលានយន្តហោះ Iqaluit ក្នុងប្រទេសកាណាដា ខណៈក្រុមអ្នកដំណើរទាំងអស់ក៏បានត្រៀមរត់គេចខ្លួនក្នុងស្ថានភាពមានគ្រោះថ្នាក់បន្ទាន់ផងដែរ។ យ៉ាងណាក្តី ក្រោយធ្វើការចុះចតជាបន្ទាន់រួចរាល់ហើយ ជើងហោះហើរខាងលើមិនទាន់ទទួលរងការវាយប្រហារណាមួយនោះទេ ខណៈការស៊ើបអង្កេតពីសំណាក់អាជ្ញាធរឥណ្ឌាបានរកឃើញថា សារគំរាមវាយប្រហារដោយគ្រាប់បែបនោះគឺជាព័ត៌មានក្លែងក្លាយ ដែលគ្រាន់តែមានចេតនាចង់បំភ័យជើងហោះហើរ តែគម្រោងវាយប្រហារដោយគ្រាប់បែបជាក់ស្តែងគឺគ្មាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: