នគរបាលខេត្តព្រះសីហនុ និងមន្ទីរសាធារណការ ធ្វើការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់ក្រុមអ្នករត់រឺម៉កកង់៣ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់
(ព្រះសីហនុ)៖ យោងតាមការចុះរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៤ នេះ បានបញ្ជាក់ថា នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ចំពោះកម្មវិធីយុទ្ធនាការសុវត្ថិភាព ឆ្នាំ ២០២៤ ដល់តំណាងសមាគមន៍ក្រុមអ្នករត់រឺម៉កកង់៣ (សមាគមន៍សម្ព័ន្ធសេដ្ឋកិច្ច និងរឺម៉កសន្តិភាព) និងសមាជិកចំនួន ៤៥នាក់។

ដោយឡែក ក្នុងកម្មវិធីយុទ្ធនាការមួយនេះដែរ ធ្វើឡើងនារសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រោមការចង្អុរបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គអង្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ និងមន្ត្រីដំណាងមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត កម្មវិធីនេះធ្វើឡើងក្នុងសាលប្រជុំរបស់សមាគមន៍សម្ព័ន្ធសេដ្ឋកិច្ច និងរឺម៉កសន្តិភាព ដែលស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។


ចំពោះបទបង្ហាញមួយនេះ នគរបាលជំនាញមានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើការចុះបើកវគ្គ និងធ្វើបទបង្ហាញពីសកម្មភាពរបស់នគរបាលចរាចរណ៍ ក្នុងគោលបំណងបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក និងចែកចំណាំងផ្លាត៕


ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ