មិនគួរសោះ! ឃើញឡានដឹកសាំងក្រឡាប់ នាំគ្នាទៅដួសយក ស្រាប់តែឆាបឆេះ បណ្តាលឱ្យមនុស្សជិត១៥០នាក់បានបាត់បង់ជីវិត និង១០០នាក់រងរបួស នៅនីហ្សេរីយ៉ា
- BY
- Pheakdey
- October 17, 2024
នីហ្សេរីយ៉ា៖ យ៉ាងហោចណាស់មានមនុស្សចំនួនជិត ១៥០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថយន្តដឹកសាំងមួយគ្រឿងបានក្រឡាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅក្នុងក្រុង Ringim រដ្ឋ Jigawa ដែលស្ថិតនៅប៉ែកខាងជើងនៃប្រទេសនីហ្សេរីយ៉ា។

ប្រភពខាងលើបានបន្តថា រថយន្តដឹកសាំងបានក្រឡាប់កាលពីម៉ោង ១១ និង ៣០នាទីយប់នៃក្នុងអង្គារកន្លងទៅនេះ ក្រោយអ្នកបើកបរបានបាត់បង់ការគ្រប់គ្រងទៅលើរថយន្ត។ ក្រោយរថយន្តដឹងសាំងបានក្រឡាប់គឺវាបានធ្វើឱ្យសាំងត្រូវធ្លាយចេញពីស៊ីទែននិងហូរចោលទៅលើផ្លូវថ្នល់និងប្រលាយនៅក្បែរនោះ ខណៈភ្លាមៗនោះប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរតំបន់កើតហេតុក៏បាននាំគ្នាទៅច្រកនិងដួសយកសាំងនោះមកទុក តែជាអកុសលរថយន្តក៏បានផ្ទុះនិងបង្កឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅកាន់ហ្វូងមនុស្សទាំងអស់នោះ។ បើយោងតាមការអាជ្ញាធរនីហ្សេរីយ៉ាបានបញ្ជាក់ថា គិតត្រឹមពេលនេះពលរដ្ឋដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះគឺមានចំនួនសរុប ១៤៧នាក់ ខណៈពលរដ្ឋ ១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






