អន្តរជាតិ

BMW ប្រកាសប្រមូលយករថយន្តនៅប្រទេសចិនជិត ៧០០,០០០គ្រឿងចូលក្រុមហ៊ុនវិញ ជុំវិញបញ្ហាសុវត្ថិភាពផ្នែកអគ្គីភ័យ

BY
Pheakdey
October 19, 2024

ចិន៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីនៅលើពិភពលោក BMW បានប្រកាសប្រមូលយករថយន្តជិត​ ៧០០,០០០គ្រឿងចូលក្នុងក្រុមហ៊ុនវិញដោយសារទើបរកឃើញថា​ រថយន្តទាំងនោះមានហានិភ័យសុវត្ថិភាពផ្នែកអគ្គីភ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី១៩ ខែតុលា។ វិធានការនេះត្រូវបានអនុវត្តសម្រាប់តែរថយន្តម៉ាក BMW ស៊េរីថ្មី ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសចិនប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា ហេតុផលនៅក្រោយការប្រមូលយករថយន្តចូលក្នុងក្រុមហ៊ុនដើម្បីត្រួតពិនិត្យឡើងវិញនេះគឺត្រូវបានធ្វើឡើងក្រោយក្រុមអ្នកបច្ចេកទេសទើបរកឃើញថា ដុំទឹកដែលបានបំពាក់នៅក្នុងម៉ាស៊ីនរថយន្តទាំងនោះមានបញ្ហា ដែលនាំឱ្យមានភាពច្រេះដល់គ្រឿងដែកមួយចំនួន ហើយក្នុងរយៈពេលយូរភាពច្រេះនោះក៏អាចនាំឱ្យមានភ្លើងឆេះក្នុងរថយ​ន្តផងដែរ។ បើតាមនិយ័តករទីផ្សាររថយន្តចិនបានបញ្ជាក់ថា នៅក្នុងចំណោមរថយន្ត BMW ដែលត្រូវប្រមូលឱ្យក្រុមហ៊ុនត្រួតពិនិត្យឡើងវិញទាំងអស់នោះគឺរួមមានរថយន្តចំនួន ៤៩៩,៥៣៩គ្រឿងជារថយន្តដំឡើងនៅក្នុងប្រទេសចិនផ្ទាល់តែម្តង និងរថយន្តចំនួន ១៨៨,៣៧១គ្រឿងផ្សេងទៀតគឺជារថយន្តនាំចូលពីក្រៅប្រទេស៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: