អន្តរជាតិ

អូស្រ្តាលី ចុះកិច្ចព្រមព្រៀងទិញគ្រឿងសព្វាវុធក្នុងតម្លៃ ៤,៧ពាន់លានដុល្លារ ពីអាមេរិក

BY
Pheakdey
October 22, 2024

អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីនៅក្នុងថ្ងៃអង្គារ ទី២២ ខែតុលានេះ បានប្រកាសអំពីកិច្ចព្រមព្រៀងទិញគ្រឿងសព្វា​វុធពីអាមេរិកក្នុងទំហំទឹកប្រាក់រហូតដល់ ៧ពាន់លានដុល្លារអូស្រ្តាលី (៤,៧ពាន់លានដុល្លារអាមេរិក)។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា​ កិច្ចព្រមព្រៀងទិញគ្រឿងសព្វាវុធក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះត្រូវបានធ្វើឡើងដោយផ្អែកតាមគោលនយោបាយពង្រឹងវិស័យយោធាដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន ដែលរដ្ឋាភិបាលអូស្រ្តាលីបានដាក់ចេញកាលពីដើមឆ្នាំនេះ។

ប្រភពខាងលើបានបន្តថា គ្រឿងសព្វាវុធដែលបានអូស្រ្តាលីបានទិញពីសហរដ្ឋអាមេរិកនោះរួមមាន អាវុធខ្នាតតូចនិងធំជាច្រើនប្រភេទសម្រាប់ប្រើប្រាស់នៅក្នុងវិស័យកងទ័ពជើងទឹក មីស៊ីលសម្រាប់បាញ់ក្នុងរយៈចម្ងាយឆ្ងាយនិងរយៈចម្ងាយខ្លី មីស៊ីលប្រភេទ SM-6 សម្រាប់បាញ់កម្ទេចយន្តហោះចម្បាំង និងមីស៊ីលប្រភេទ SM-2 Block III C សម្រាប់បាញ់កម្ទេចនាវាចម្បាំងផងដែរ។ បើតាមលោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា តាមរយៈគ្រឿងសព្វាវុធទំនើបៗខាងលើនេះគឺវានឹងជួយលើកកម្ពស់វិស័យយោធាអូស្រ្តាលីឱ្យកាន់តែមានរឹងមាំថែមួយកម្រិតទៀតផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: