អាមេរិកអះអាងថា យ៉ាងហោចណាស់មានទាហានកូរ៉េខាងជើង ៣,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់រុស្ស៊ី
- BY
- Pheakdey
- October 24, 2024
សហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់មានទាហានកូរ៉េខាងជើងចំនួន ៣,០០០នាក់ត្រូវបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា។ គោលបំណងនៃការបញ្ជូនកម្លាំងទ័ពដ៏ច្រើននេះទៅកាន់រស្ស៊ីគឺដើម្បីហ្វឹកហាត់ពួកគេឱ្យមានបទពិសោធន៍ក្នុងការធ្វើសង្គ្រាមពិត និងជួយគាំទ្ររុស្ស៊ីក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនផងដែរ។

ប្រភពខាងលើនេះបានបន្តថា ការលូកដៃចូលនៅក្នុងភ្លើងសង្គ្រាមរវាងអ៊ុយក្រែនជាមួយរស្ស៊ីពីសំណាក់ប្រទេសកូរ៉េខាងជើងនៅពេលនេះគឺសញ្ញាដ៏គ្រោះថ្នាក់បំផុតមួយ ដ្បិតវានឹងធ្វើឱ្យសង្គ្រាមកាន់តែរីកធំឡើង ហើយមិនងាយនឹងបិទបញ្ចប់នោះទេ។ សូមរម្លឹកជូនថា កាលពីពេលថ្មីៗនេះទីភ្នាក់ងារចារកម្មជាតិរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ចាប់តាំងពីពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានកើតឡើងមក ប្រទេសកូរ៉េខាងជើងក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន បានបញ្ជូនកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតជាងប្រាំបីលានគ្រាប់ហើយទៅឱ្យរស្ស៊ី ខណៈគ្រឿងសព្វាវុធទាំងនោះត្រូវបានបញ្ជូនទៅតាមនាវាក្នុងទម្រង់មិនបើកចំហរជាសាធារណៈនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






