កោះឯកជនមួយនៅប្រទេសថៃ កំពុងត្រូវបានដាក់លក់ក្នុងតម្លៃជាង ៥៣លានដុល្លារ
- BY
- Pheakdey
- October 25, 2024
ថៃ៖ កោះឯកជនមួយឈ្មោះកោះ Ko Kham ត្រូវបានក្រុមអ្នកអចលនព្រទ្យប្រណិតថៃប្រកាសដាក់លក់ក្នុងតម្លៃ ១,៨ពាន់លានបាត (ជាង ៥៣លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៥ ខែតុលា។ កោះនេះគឺជាកោះមួយនៅក្នុងចំណោមបញ្ជីកោះឯកជនដ៏ស្រស់ស្អាតទាំង ១០ នៅក្នុងប្រទេសថៃ និងមានទីតាំងស្ថិតនៅក្នុងខេត្ត Trat ភាគខាងត្បូងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា កោះប្រណិតមួយនេះមានផ្ទៃដីសរុបចំនួន ១,៦ហិចតា ហើយតម្លៃខាងលើនេះគឺមានបញ្ជូនទាំងរមណីយដ្ឋានកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាងសង់មួយកន្លែងផងដែរ។ យ៉ាងណាក្តី សម្រាប់អ្នកដែលក្លាយជាម្ចាស់កោះក្នុងពេលពេលនេះក៏មានសិទ្ធអាចលុបចោលកិច្ចសន្យាសាងសង់រមណីដ្ឋាននោះចោលផងដែរ ប្រសិនបើមិនពេញចិត្ត ឬចង់បង្កើតរមណីដ្ឋានផ្សេងទៀតតាមចិត្តស្រលាញ់របស់ខ្លួន។ គួរកត់សម្គាល់ថា ដំណឹងប្រកាសលក់កោះឯកជននេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញអ៊ីនធឺណិត ដ្បិតវាជាអចលនទ្រព្យតម្លៃរ៉ាប់លានដុល្លារ ដែលត្រូវបានប្រកាសដាក់លក់ក្នុងអំឡុងពេលវិស័យអចលនទ្រព្យក្នុងប្រទេសជាច្រើនកំពុងជាប់គាំង៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






