ក្រុមហ៊ុនរុករករ៉ែ BHP យល់ព្រមបង់ប្រាក់សងជំងឺចិត្ត ៣០ពាន់លានដុល្លារ ឱ្យរដ្ឋាភិបាលប្រេស៊ីល ជុំវិញករណីធ្វើឱ្យបាក់ជំនប់ទឹក Mariana
- BY
- Pheakdey
- October 26, 2024
ប្រេស៊ីល៖ ទីបំផុតទៅក្រុមហ៊ុនរុករករ៉ែដ៏ធំមួយនៅលើពិភពលោកគឺក្រុមហ៊ុន BHP បានយល់ព្រមបង់ប្រាក់សងជំងឺចិត្តទៅកាន់រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលហើយ ជុំវិញករណីដែលក្រុមហ៊ុនបានធ្វើឱ្យទំនប់ទឹក Mariana បានបាក់ក្នុងអំឡុងពេលធ្វើប្រតិបត្តិការណ៍រុករករ៉ែ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងតែពីឆ្នាំ២០១៥ ម្លេះ ហើយក្នុងរយៈពេលជិត ១០ឆ្នាំកន្លងមកនេះ ការប្តឹងផ្តល់តាមប្រព័ន្ធតុលាការក៏បានកើតមានជាបន្តបន្ទាប់ផងដែរ ខណៈសាលក្រមចុងក្រោយដែលទាំងភាគីរងគ្រោះនិងភាគីបង្កហេតុត្រូវទទួលយកទៅអនុវត្តនោះ ទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះដោយតុលាការកំពូលនៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC ដែលបានចុះផ្សាយនៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែតុលានេះបានបញ្ជាក់ថា គឺនៅថ្ងៃម្សិលមិញនេះតំណាងរបស់ក្រុមហ៊ុនរុករករ៉ៃ BHP បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលប្រទេសស៊ីលជាផ្លូវការហើយក្នុងការយល់ព្រមបង់ប្រាក់សងជំងឺចិត្តចំនួន ៣០ពាន់លានដុល្លារ ខណៈនាពេលកន្លងមករដ្ឋាភិបាលប្រេស៊ីលធ្លាប់ប្តឹងទាមទារប្រាក់សំណងរហូតដល់ ៤៧ពាន់លានដុល្លារឯណោះ។ សូមបញ្ជាក់ជូនថា ទំនប់ទឹក Mariana គឺជាទំនប់ទឹកដ៏ធំនិងសំខាន់បំផុតមួយស្ថិតនៅភាគខាងត្បូងប្រទេសប្រេស៊ីល ហើយនៅពេលដែលទំនប់ទឹកបានបាក់ គឺវាបានបណ្តាលឱ្យមានមនុស្សចំនួន ១៩នាក់ត្រូវស្លាប់បាត់បង់ជីវិត បង្កឱ្យមានទឹកជំនន់ដែលបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន បណ្តាលឱ្យមានភក់និងសារធាតុពុលត្រូវហូរចូលទៅក្នុងទឹកទន្លេ តំបន់ព្រៃ និងសហគមន៍មួយចំនួនដែលបានបង្កគ្រោះថ្នាក់ដល់បរិស្ថាននិងមនុស្សជាតិក្នុងរយៈពេលខ្លីនិងវែង ខណៈពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ត្រូវបាត់បង់ផ្ទះសម្រាប់ស្នាក់នៅផងដែរ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






