ផលិតផលសំបុកទឹកមាត់ត្រចៀកកាំកម្ពុជា រំពឹងថានាំចេញទៅកាន់ទីផ្សារប្រទេសចិនឆាប់ៗ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានបញ្ជាក់ថា ក្រសួងកំពុងធ្វើការចរចាជាមួយប្រទេសចិនក្នុងដំណាក់សំខាន់ដើម្បីនាំផលិតផលសំបុកទឹកមាត់ត្រចៀកកាំទៅទីផ្សារប្រទេសចិន។ការចរចានេះលើបច្ចេកទេស។ មន្រ្តីដដែលរំពឹងថាកម្ពុជាអាចនាំចេញលក់ផលិតផលមួយនេះបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗ។

ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្តីពីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជានាសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនៅសប្តាហ៍នេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ពេលនេះការចរចាដើម្បីទិញសំបុកទឹកមាត់ត្រចៀកកាំក៏ដូចជាដំឡូងមីគឺស្ថិតនៅក្នុងពិធីសារបច្ចេកទេស។ មានន័យថាស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ពោលគឺក្រោយពីការចុះពិធីសារ រួចមកភាគីចិននឹងចុះមកពិនិត្យដល់ទីតាំង ទាំងចម្ការទុរេន ផ្ទះត្រចៀកកាំ និងទីតាំងវេចខ្ចប់។
ចំណែកលោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានប្រាប់ថាប្រទេសចិនក៏បានជំរុញឱ្យពន្លឿនការនាំចូលសំបុកត្រចៀកកាំពីប្រទេសកម្ពុជា។លោករំលឹកថាប្រមាណ៣ទៅ៤សប្តាហ៍កន្លងមកសមាគមត្រចៀកកាំខ្មែរក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងគយនៃប្រទេសចិននៅខេត្តគ័ងស៊ីរួចមកហើយដែរ។ដោយឡែកកាលពីសប្តាហ៍មុនសមាគមក៏បានចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានស្រាវជ្រាវនៅខេត្តហៃណាម ប្រទេសចិនដើម្បីសម្របសម្រួលនាំចេញទៅខេត្តមួយនេះដូចគ្នា។
លោកប្រធានសមាគមត្រចៀកកាំខ្មែរបន្តថា ចំពោះដំណើរការចរចានាំសំបុកទឹកមាត់ត្រចៀកកាំទៅប្រទេសចិនទោះស្ថិតនៅក្នុងដំណាក់កាលមួយមិនទាន់សម្រេច តែឃើញដំណើរការនេះល្អ ព្រោះខាងប្រទេសចិនគាំទ្រឱ្យមានការនាំចេញឱ្យបានឆាប់ ប៉ុន្តែយ៉ាងណាត្រូវធ្វើតាមនីតិវិធីរបស់គេផងដែរ។
កម្ពុជាបច្ចុប្បន្នមានផ្ទះត្រចៀកកាំស្ទើរគ្រប់ខេត្ត លើកលែងតែមណ្ឌលគិរីដែលមានផ្ទះត្រចៀកកាំត្រឹមតែ២ទៅ៣ខ្នង។បើតាមការប៉ាន់ស្មានការផលិតសំបុកត្រចៀកកាំរបស់កម្ពុជាប្រមាណ១០០តោនក្នុងមួយឆ្នាំ។
ទាក់ទិននឹងអាជីវកម្មត្រចៀកកាំនៅកម្ពុជាប្រធានសមាគមត្រចៀកកាំខ្មែរនិយាយថា ប្រព្រឹត្តិទៅល្អប្រសើរ។កសិករខ្មែរដែលពុំសូវមានពេលវេលាអាចចិញ្ចឹមត្រចៀកកាំបានដោយសារវាពុំសូវការថែទាំច្រើន។ការចំណាយសម្រាប់ការចិញ្ចឹមត្រចៀកកាំក៏តិច។ការចិញ្ចឹមត្រចៀកកាំ គឺជាមុខរបររកចំណូលបន្ថែម។
ប៉ុន្តែទោះជាដូចនេះក្តីលោក ស៊ុយ កុកធាន បានរំលឹកថាទោះជាយ៉ាងណាក្តីបើកសិករចង់ចិញ្ចឹមសត្វត្រចៀកកាំត្រូវតែស្វែងយល់ឱ្យបានស៊ីជម្រៅ ឬអាចសិក្សាជាមួយសមាគមត្រចៀកកាំបាន ដើម្បីកុំឱ្យប្រឈមនៅពេលក្រោយ។លោកថា ការចិញ្ចឹមត្រចៀកកាំអាចថាងាយស្រួលក៏បាន ពិបាកក៏បាន ពីព្រោះថានៅលើពិភពលោកគឺមានប្រមាណ ៧០-៨០ ភាគរយហើយដែលបរាជ័យដោយសារគិតថា វាងាយតែតាមពិតធ្វើខុសបច្ចេកទេស នាំឱ្យខាតបង់។
បើតាមប្រធានសមាគមត្រចៀកកាំខ្មែរ កម្ពុជាមានផ្ទះត្រចៀកកាំច្រើនបំផុតគឺខេត្តកោះកុង ។បច្ចុប្បន្នអ្នកចិញ្ចឹមចាប់ផ្តើមរីកសាយដល់អ្នករស់នៅតាមបឹងទន្លេសាបដូចជា ខេត្តកំពង់ធំជាដើម។ក្នុងរយៈ១០ឆ្នាំនេះតាមការប៉ាន់ប្រមាណកំណើនសត្វត្រចៀកកាំគឺកើនឡើងខ្លាំង ។ចំណែកទីផ្សារសំបុកត្រចៀកកាំនៅកម្ពុជាលេខ១ មិនទាន់កែច្នៃតម្លៃមួយគីឡូក្រាម ៤០០-៤៥០ដុល្លារ និងសំបុកឆាកាជាង៣០០ដុល្លារ។រីឯសំបុកត្រចៀកកាំកែច្នៃរួចហើយ ប្រភេទលេខ១តម្លៃ១.២០០ដុល្លារដល់១.៥០០ដុល្លារទៅតាមកម្រិតគុណភាពរបស់វា៕






ប្រភព៖ ក្រសួងព័ត៌មាន