យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ត្រូវបង្វែរទិសដៅចុះជាបន្ទាន់ដោយសារបញ្ហា “ប្រេះកញ្ចក់”
- BY
- Pheakdey
- October 28, 2024
សិង្ហបុរី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានសម្រេចប្តូរទិសដៅចុះចតនិងត្រូវពន្យាទៅដល់គោលដៅអស់រយៈពេល ១៨ម៉ោង ដោយសារតែកញ្ចក់នៅផ្នែកកណ្តាលរបស់យន្តហោះបានប្រេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៨ ខែតុលា។ យន្តហោះដែលបានជួបហេតុការណ៍ដ៏កម្រនេះគឺជាយន្តហោះដឹកអ្នកដំណើរផលិតឡើងដោយក្រុមហ៊ុនផលិតយន្តហោះ Boeing សេរី 777-300ER ។

ប្រភពខាងលើបានបន្តថា ជើងហោះហើរខាងលើនេះមានលេខប្រតិបត្តិការណ៍ SQ 636 ផ្ទុកអ្នកដំណើរសរុបចំនួន ២៤៩នាក់ និងក្រុមអ្នកបម្រើការងារលើយន្តហោះចំនួន ១៧នាក់ មានទិសដៅចេញពីដំណើរពីព្រលានយន្តហោះ Changi ក្នុងប្រទេសសិង្ហបុរី នៅម៉ោង ១១៖០៧ នាទីយប់ ថ្ងៃអាទិត្យទី ២៧ និងតាមគម្រោងគឺត្រូវទៅដល់ព្រលានយន្តហោះ Haneda ក្នុងប្រទេសជប៉ុននៅម៉ោង ៦៖២០ព្រឹក ថ្ងៃចន្ទ ទី២៨ ខែតុលានេះ។ យ៉ាងណាក្តីដោយសារបញ្ហាខាងលើ យន្តហោះបានសម្រេចបង្វែរទិសដៅទៅចុះចតនៅក្នុងព្រលានយន្តហោះ Taoyuan ក្នុងទីក្រុងតៃប៉ិជាបណ្តោះអាសន្ននៅម៉ោង ៤ ព្រឹកក្នុងថ្ងៃចន្ទនេះដើម្បីដោះស្រាយបញ្ហាខាងលើ។ តាមគម្រោងគឺយន្តហោះនឹងត្រូវទៅដល់ព្រលានយន្តហោះ Haneda នៅម៉ោង ១២៖៣០ យប់រលងអាធ្រាតថ្ងៃនេះ ពោលគឺឈានចូលដល់ថ្ងៃអង្គារ ទី២៩ ខណៈអំឡុងពេលនៃការពន្យាពេលនេះគឺខាងក្រុមហ៊ុនបានរៀបចំសណ្ឋាគារឱ្យអ្នកដំណើរស្នាក់នៅយ៉ាងសមរម្យបំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






