វៀតណាមកាត់ទោសម្ចាស់ហាងម្នាក់និងប៉ូលិស ៤នាក់ឱ្យជាប់ពន្ធធនាគារពី ៤-៨ឆ្នាំ ជុំវិញករណីភ្លើងឆេះខារ៉ាអូខេមួយកន្លែងបណ្តាលឱ្យមនុស្ស ៣២នាក់បាត់បង់ជីវិត
- BY
- Pheakdey
- October 30, 2024
វៀតណាម៖ តុលាការវៀតណាមបានកាត់ទោសមនុស្ស ៦នាក់ឱ្យជាប់ពន្ធធនាគារក្នុងរយៈពេលផ្សេងៗគ្នានៅក្នុងករណីមានភ្លើងឆេះខារ៉ាអូខេមួយកន្លែង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៣២នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៣០ ខែតុលា។ គួររម្លឹកជូនថា ហេតុការណ៍មានភ្លើងឆេះខារ៉ាអូខេនេះបានកើតឡើងតាំងពីឆ្នាំ ២០២២ម្លេះ ខណៈហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានធ្វើឱ្យអាជ្ញាធរសម្រេចចុះត្រួតពិនិត្យអំពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យនៅតាមហាងខារ៉ាអូខេរាប់ពាន់កន្លែងនៅក្នុងប្រទេសវៀតណាម។
ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអ្នកដែលត្រូវទទួលទោសទាំង ៦នាក់នោះរួមមាន ម្ចាស់ហាងខារ៉ាអូខេម្នាក់ ដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធធនាគាររយៈពេល ៨ឆ្នាំ អ្នកម៉ៅការសាងសង់ខារ៉ាអូខេម្នាក់ ដែលត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធធនាគាររយៈពេល ៥ឆ្នាំ និងមន្ត្រីប៉ូលីសចំនួន ៤នាក់ ដែលពួកគាត់ម្នាក់ៗត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធធនាគារក្នុងរយៈពេលចន្លោះពី ៤ឆ្នាំ ដល់ ៧ឆ្នាំកន្លះ។ សូមបញ្ជាក់ជូនថា មនុស្សទាំង ៦នាក់នេះសុទ្ធតែត្រូវទទួលទោសពីបទបំពានច្បាប់ការពារអគ្គីភ័យនិងមានការធ្វេសប្រហែសក្នុងពេលបំពេញភារកិច្ចរៀងៗខ្លួនៗ ហើយដោយសារពួកគាត់មានភារកិច្ចនិងការទទួលខុសត្រូវផ្សេងគ្នា ទើបរយៈពេលនៃការទទួលទោសរបស់ពួកគាត់ម្នាក់ៗក៏ផ្សេងៗគ្នាដែរ៕
ប្រភព៖ The Strait Time
- Share This Post: