អន្តរជាតិ

ទឹកជំនន់នៅវៀតណាមបណ្តាលឱ្យមនុស្ស ១២នាក់បាត់បង់ជីវិត និង ៧នាក់រងរបួស

BY
Pheakdey
November 1, 2024

វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃសុក្រ ទី១ ខែវិច្ឆិកា។ ទីតាំងដែលកំពុងរងការគំរាមគំហែងដោយទឹកជំនន់នៅពេលនេះគឺខេត្ត Quang Binh ស្ថិតភូមិភាគកណ្តាលនៃប្រទេសវៀតណាម ហើយទឹកជំនន់ប្រកបដោយគ្រោះថ្នាក់បានកើតឡើងដោយសារតែឥទ្ធិពលរបស់ព្យុះ Tra Mi។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សជាង ១០នាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ ឥទ្ធិពលរបស់ទឹកជំនន់ខាងលើក៏បានបង្កឱ្យពលរដ្ឋវៀតណាមចំនួន ៧នាក់ផ្សេងទៀតត្រូវរងរបួស​ ផ្ទះជាង ៣៤,០០០ខ្នងបានរងនូវការបំផ្លាញ និងមានកប៉ាល់ចំនួន ៥គ្រឿងបានលេចផងដែរ។ ជាងនេះទៅទៀតទឹកជំនន់ក៏បានបណ្តាលឱ្យសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋវៀតណាមជាច្រើក្បាលត្រូវបាត់បង់ជីវិតផងដែរ ក្នុងនោះមានសត្វមាន់ទាជាង ៧០,៥០០ក្បាល សត្វគោក្របីជិត ៥០០ក្បាល កសិដ្ឋានចិញ្ចឹមត្រីទំហំ ៧១៦,៨ ហិចតាបានរងនូវការបំផ្លាញ ខណៈផ្ទៃដីកសិកម្ម ៧៩១,២ហិចតាក៏បានរងនូវការបំផ្លាញទាំងស្រុងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: