ព្យុះកង្រីបានបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ ២នាក់បាត់បង់ជីវិត ៤នាក់កំពុងបាត់ខ្លួន និងជាង ៥០០នាក់បានរងរបួស
- BY
- Pheakdey
- November 1, 2024
តៃវ៉ាន់៖ យ៉ាងហោចណាស់មានពលរដ្ឋតៃវ៉ាន់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះកង្រី (Kong-rey) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១ ខែវិច្ឆិកា។ នៅក្នុងចំណោមអ្នកស្លាប់ទាំង ២នាក់នោះ មានជនរងគ្រោះម្នាក់អាយុ ៤៨ឆ្នាំ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ពោលគឺបង្គោលភ្លើងបានបាក់មកសង្កត់ពីលើគាត់ក្នុងអំឡុងពេលកំពុងជិះម៉ូតូលើដងផ្លូវ។

បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហត្តរាយតៃវ៉ាន់បានបញ្ជាក់ថា ក្រៅតែពីបានសម្លាប់មនុស្សអស់ចំនួន ២នាក់ ឥទ្ធិពលរបស់ព្យុះកង្រីក៏បានបណ្តាលឱ្យពលរដ្ឋតៃវ៉ាន់ជាង ៥០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ទន្ទឹមគ្នានេះអាជ្ញាធរតៃវ៉ាន់ក៏កំពុងស្វែងរកមនុស្សចំនួន ៤នាក់ ដែលបានដើរឡើងភ្នំមុនពេលព្យុះកង្រីបានមកដល់ផងដែរ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងថា ក្រុមអ្នកឡើងភ្នំទាំង ៤នាក់នោះអាចនឹងទៅដល់កន្លែងណា ឬស្លាប់រស់យ៉ាងណានោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






