ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បេក្ខជនជាប់និទ្ទេស A ម្នាក់ដែលមានឪពុកជាអ្នករត់ម៉ូតូឌុប និងម្តាយស៊ីឈ្នួលលាងចានឲ្យគេ ត្រូវបានកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់អំណោយ និងសង់ផ្ទះមួយខ្នង

    BY Nisaiy KN November 3, 2024
    បេក្ខជនជាប់និទ្ទេស A ម្នាក់ដែលមានឪពុកជាអ្នករត់ម៉ូតូឌុប និងម្តាយស៊ីឈ្នួលលាងចានឲ្យគេ ត្រូវបានកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់អំណោយ និងសង់ផ្ទះមួយខ្នង

    (បាត់ដំបង)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមក​ម្ពុជា ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ចាត់តំណាងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងផ្តល់ ជូនយុវសិស្សក្នុងគ្រួសារក្រីក្រ ១រូប មានម្តាយជាអ្នកស៊ីឈ្នួលលាងចានឱ្យគេ និងឪពុករត់ម៉ូតូឌុប នៅសង្កាត់អូចារ ក្រុងបាត់ដំបង និងសម្រេចផ្តល់ផ្ទះ១ខ្នងដើម្បីជួយសម្រាលការលំបាក។

    ដោយសេចក្តីអាណិតស្រលាញ់ ចំពោះការខិតខំប្រឹងប្រែង តស៊ូ រហូតទទួលបានលទ្ធផលល្អ នៅរសៀលថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ សាខាកាកបាទក្រហមក​ម្ពុជា ខេត្តបាត់ដំបង ដែលមាន ឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមការងារសាខាដឹកនាំដោយឯកឧត្តម ងី សែត អនុប្រធានគណៈកម្មាធិការសាខានិងសហការី រួមជាមួយលោក លាង វាសនា អភិបាលក្រុងនិងជាប្រធានគណៈកម្មាធិការអនុសាខាក្រុង បានចុះសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ របស់សាខា ទៅផ្តល់ជូ​នគ្រួសារយុវសិស្ស ឈ្មោះគ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី12A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ នៅគេដ្ឋានផ្ទាល់ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន ០៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករ តស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរគឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ ជាក់ស្ដែងកូនច្បងរូបនេះបានខិតខំរៀនរហូតប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាននិទ្ទេស A។

    ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ងី សែត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាថ្លែងកោតសរសើរចំពោះ យុវសិស្ស គ្រុឌ សុវណ្ណារ៉ា ទោះបីជា មានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីសំណាក់ឪពុកម្តាយ រហូតប្រឡងបាននិទ្ទេស (A)។

    ឯកឧត្តម បានបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស គឺធនធានមនុស្សដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។

    អំណោយមនុស្សធម៌ជូនគ្រួសារក្មួយប្រុសរួមមាន ៖ អង្ករ ១០០គីឡូក្រាមច, មី ២កេស ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ២០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ថវិកាចំនួន៤០ម៉ឺនរៀលនិងសម្រេចធ្វើផ្ទះថ្មី១ខ្នងផ្តល់ជូនគ្រួសារក្មួយគ្រុឌសុវណ្ណារ៉ាផងដែរ៕



    អត្ថបទ៖ និស្ស័យ
    ប្រភព៖ កាកបាទក្រហមកម្ពុជា-Cambodian Red Cross

    Share This Post: