ជប៉ុនជម្រុញឱ្យពលរដ្ឋជិត ២០ម៉ឺននាក់ធ្វើការជម្លៀសខ្លួនដោយសារឥទ្ធិពលរបស់ភ្លៀងធ្លាក់ក្នុងកម្រិតដ៏គ្រោះថ្នាក់មួយ
- BY
- Pheakdey
- November 3, 2024
ជប៉ុន៖ អាជ្ញាធរជប៉ុនបានជម្រុញឱ្យពលរដ្ឋជិត ២០០,០០០នាក់ធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនដោយសារតែឥទ្ធិពលរបស់ភ្លៀងធ្លាក់ដ៏ខ្លាំងមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា។ ភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតប្រកបដោយគ្រោះថ្នាក់នេះគឺជាផ្នែកមួយដែលបានបង្កឡើងដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុងកង្រី (Kong-rey)។

បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា ភ្លៀងអាចនឹងធ្លាក់យ៉ាងខ្លាំងនៅក្នុងខណ្ឌទាំង ១០ របស់ទីក្រុង Matsuyama ដែលស្ថិតនៅតំបន់ភាគខាងលិចនៃប្រទេសជប៉ុន ខណៈឥទ្ធិពលរបស់ទឹកភ្លៀងនេះនឹងបង្កឱ្យមានទឹកជំនន់ និងបញ្ហាបាក់ដីយ៉ាងឆាប់រហ័សផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋជប៉ុនណាម្នាក់បានរងគ្រោះថ្នាក់ពីបញ្ហាធម្មជាតិខាងលើនេះនៅឡើយទេ ខណៈអាជ្ញាធរបានត្រៀមដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






