ជូនដំណឹង! រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិថីចំនួន ៣ នៅថ្ងៃទី០៩ និងទី១១ ខែវិច្ឆិកា ខាងមុខនេះ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ និងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំពេញ។

ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ពិធីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕


ព្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ