អន្តរជាតិ

យន្តហោះ Boeing 787 មួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Hainan ត្រូវបង្ខំចុះចតវិញជាបន្ទាន់ក្រោយចេញដំណើរបានបន្តិចស្រាប់តែមានភ្លើងឆេះនៅម៉ាស៊ីន

BY
Pheakdey
November 10, 2024

អ៊ីតាលី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានប្រញាប់ធ្វើជាការចុះចតវិញជាបន្ទាន់ដោយសារមានបញ្ហាភ្លើងឆេះនៅម៉ាស៊ីនក្រោយពេលចេញដំណើរពីព្រលានយន្តហោះក្នុងប្រទេសអ៊ីតាលីបានបន្តិចប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា។ យន្តហោះដែលបានជួបគ្រោះក៏កម្រខាងលើនេះគឺជាយន្តហោះប្រភេទ Boeing 787-9 Dreamliner ស្ថិតនៅក្រោមប្រតិបត្តិការណ៍ហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Hainan Airlines។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះត្រូវធ្វើដំណើរចេញពីព្រលានយន្តហោះ Fiumicino ក្នុងទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ឆ្ពោះមកកាន់ទីក្រុងទីសិនជិន ប្រទេសចិន ដោយនៅលើយន្តហោះមានផ្ទុកអ្នកដំណើរសរុបចំនួន ២៤៩នាក់ និងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន ១៦នាក់ផងដែរ។ បើតាមអាជ្ញាធរអាកាសចរណ៍អ៊ីតាលីបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានភ្លើងឆេះម៉ាស៊ីនយន្តហោះគឺទំនងជាបានកើតឡើងដោយសារមានសត្វបក្សីហើរចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដែលធ្វើឱ្យម៉ាស៊ីនត្រូវដំណើរខុសប្រក្រតី និងបង្កឱ្យមានភ្លើងឆាបឆេះឡើងតែម្តង។ យ៉ាងណាក្តី ហេតុការណ៍នេះអកុសលនេះមិនបានបណ្តាលឱ្យមានអ្នករងរបួសនោះទេ ដោយក្រោយចុះចតនិងដោះស្រាយបញ្ហារួចរាល់យន្តហោះក៏អាចបន្តដំណើរវិញជាធម្មតា៕

អត្ថបទ៖ ភក្តី

ប្រភព៖​ The Strait Time

Share This Post: