បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០២៤ ទាំង ៦៨ប្រទេស បានមកដល់កម្ពុជាហើយ
- BY
- soknita
- November 21, 2024
យោងតាមការចុះផ្សាយរបស់ ទទក ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រោមកិច្ចសហការរវាងស្ថាប័នបវរកញ្ញាភពផែនដីអន្តរជាតិ ដែលបានបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងក្រសួងទេសចរណ៍ កម្ពុជាបានរៀបចំកម្មវិធីបង្ហាញសម្រស់មួយដ៏អស្ចារ្យ គឺកម្មវិធីបវរកញ្ញាឯក ភពផែនដីអន្តរជាតិឆ្នាំ២០២៤(Miss Planet International 2024) ជាលើកទី៤ ដែលបានចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីចូលរួមជួយផ្សព្វផ្សាយពីតំបន់អរិយធម៍ វប្បធម៍ ប្រពៃណី និងតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ជាក់ស្តែងគិតត្រឹមល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បេក្ខភាពប្រកួតបវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ ២០២៤ ទាំង ៦៨ប្រទេស បានមកដល់កម្ពុជាហើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី Halley Amin ប្រធានស្ថាប័ន Miss Planet International ។
លោកស្រី Halley Amin បានបន្ថែមថា បវរកញ្ញាទាំង ៦៨ប្រទេស នៅថ្ងៃទី ២១ ខែវិច្ឆិកានេះ នឹងទៅទស្សនកិច្ចនៅវិមានឈ្នះឈ្នះ និងពហុកីឡដ្ឋានមរតតេជោ, នៅថ្ងៃទី២២ និងធ្វើដំណើរទៅ កាន់ខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីពាក់ព័ន្ធនឹងបរិស្ថាន, នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នឹងធ្វើដំណើរទៅទស្សកិច្ចនៅប្រាសាទអង្គរវត្ត ជាមួយគ្នានោះបវរកញ្ញាទាំងអស់ក៏នឹងចូលរួមដាំកូនត្នោតប្រមាណ ២ពាន់ដើមផងដែរ។
សូមបញ្ជាក់ដែរថា បវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០២៤ ទាំង ៦៨ប្រទេសមានមកពីប្រទេសដូចជា៖ MISS PLANET INTERNATIONAL Cambodia, Australia, Austria, Barbados, Belgium, Brazil, Bulgaria, Cameroon, Canada, Chile, China, Colombia, Costa Rica , Croatia, Denmark, DR Congo, England, Eritrea, France, Georgia, Grenada, Haiti, Iceland, India, Indonesia , Iran , Italy, Jamaica, Japan, Jordan, Kenya, Korea, Liberia, Luxembourg, Malaysia, Mauritius, Mexico, Morocco, Nepal, Netherlands, New Zealand, Nigeria, Pakistan, Paraguay, Philippines , Poland, Portugal, Rwanda, Russia, Senegal, Serbia, Singapore, Somalia, South Africa, Sweden , Switzerland, Tanzania, Thailand, Tunisia, UAE, Ukraine, United Kingdom , USA , Venezuela, Vietnam , Zimbabwe។
គួរបញ្ជាក់ដែរថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកូនខ្មែរ។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សម្រាប់ប្រទេសនីមួយៗ។ តាំងពីបង្កើតឡើងនៅឆ្នាំ ២០១៩ MPI តែងតែត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ ២០២១ និង ២០២២ ដោយសារបញ្ហាជំងឺរាតត្បាត៕
ប្រភព៖ ទទក ទូរទស្សន៍ជាតិកម្ពុជា
- Share This Post: