ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅភ្នំពេញគឺជាបងប្អូនព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅសៀមរាប

    BY soknita January 2, 2025
    ព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅភ្នំពេញគឺជាបងប្អូនព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅសៀមរាប

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅភ្នំពេញទើបបានបញ្ចប់ ដោយបានបង្កើតស្នាមញញឹរាប់មិនអស់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនិងសកលលោក ដែលរៀបចំជាលើកដំបូងនេះ ត្រូវបានផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ហើយបង្កើតបានអនុស្សាវរីយ៍ជាច្រើនមិនអាចបំភ្លេចបាន។ ថ្វីបើរហូតមកដល់ពេលនេះ នៅមិនទាន់មានតួលេខផ្លូវការបង្ហាញអំពីបរិមាណប្រជាពលរដ្ឋអញ្ជើញមកចូលរួម នៅយប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នេះ ប៉ុន្តែយើងអាចនិយាយថា មហាជនបានចូលរួមយ៉ាងច្រើនកុះករ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ បានលើកឡើងថា «ខ្ញុំសង្ឃឹមថាចាប់ពីឆ្នាំ ២០២៤ នេះតទៅ ពាក្យ [សាទរកម្ពុជា] នឹងស្ថិតនៅក្នុងបេះដូងយើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ ហើយយើងនឹងបន្តកសាង និងផ្តល់ភាពកក់ក្តៅនេះ សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង ព្រោះថាកម្ពុជាជាទីស្រលាញ់របស់យើង ជាផ្ទះដ៏សែនមនោរម្យរបស់យើង ដែលផ្តល់នូវភាពកក់ក្តៅសម្រាប់យើង ក៏កម្ពុជាត្រូវការភាពកក់ក្តៅ និងក្តីស្រលាញ់ពីយើងសម្រាប់គាត់ដូចគ្នាដែរ»។

    ឯកឧត្តម ហ៊ុន ម៉ានី បានពន្យល់អំពីមូលហេតុដែលព្រឹត្តិការណ៍ធ្វើនៅឱកាសឆ្លងឆ្នាំនេះ មានឈ្មោះថា «សាទរកម្ពុជា» គឺដោយសារទី១៖ អ្វីដែលជាកេរ្ដុ៍មរតកដូនតាខ្មែរដែលបានបន្សល់ទុកឲ្យកូនខ្មែរគ្រប់ជំនាន់មកដល់ពេលនេះ ទាំងមរតករូបិយ និងអរូបិយ, ទី២៖ គឺឆន្ទៈ និងការពុះពារយ៉ាងមោះមុត របស់ប្រជាជាតិកម្ពុជាទាំងមូល និងទី៣៖ ទំនៀមទម្លាប់ និងប្រពៃណៃរបស់ខ្មែរ ស្នាមញញឹម ភាពកក់ក្តៅ ការយោគយល់អធ្យាស្រ័យគ្រប់កាលទេសៈទាំងអស់។ សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺជាគំនិតច្នៃប្រឌិតរបស់យុវជនជំនាន់ក្រោយ តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា ។

    សូមរំលឹកថា កាលពីឆ្នាំ ២០១៣ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅឱកាសបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ត្រូវបានរៀបចំ ឡើងទ្រង់ទ្រាយធំជាលើកដំបូង នៅលើទឹកដីអង្គរនៃខេត្តសៀមរាបដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។ ការរៀបចំនេះគឺក្នុងគោល បំណងប្រមូលផ្តុំ យុវជន និង សាធារណជន ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរ តែមួយ ក៏ដូចជា ចូលរួមថែរក្សា និង អភិវឌ្ឍវប្បធម៌ជាតិ និង លើកស្ទួយកិត្យានុភាព ជាតិលើឆាកអន្តរជាតិ ។

    ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅសៀមរាបកាលពីឆ្នាំ២០១៣បានបង្កើតទីផ្សារទេសចរណ៍សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកនិងពីក្រៅស្រុក ព្រមទាំងបានបង្កើតចំណងមិត្តភាព ភាតរភាព និងសាមគ្គីភាពយ៉ាងរឹងមាំចេញពីអង្គរ សង្ក្រាន្ត រួមគ្នា និងបានបង្កើតសមិទ្ធផលជាច្រើនផ្សេងៗទៀត។ ពិសេសទៀតនោះ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅសៀមរាបបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលទទួលស្គាល់ពីអន្តរជាតិ ទៅលើវិញ្ញាសារ «អន្សមយក្ស ,ការរាំចង្វាក់ម៉ានីហ្សូន , ក្រម៉ា ដែលវែងជាងគេ , ចាប៉ីដងវែង »។

    បន្ទាប់មកជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅសៀមរាប ត្រូវរាជធានី-ខេត្តផ្សេងៗយកគំរូរៀបចំតាម។ ដូចនេះ ជោគជ័យនៃព្រឹត្តិការណ៍ «សាទរកម្ពុជា» អាចនឹងត្រូវរាជធានី-ខេត្តផ្សេងៗយកគំរូរៀបចំតាមនៅក្នុងឱកាសឆ្លងឆ្នាំនាពេលដំណាច់ឆ្នាំខាងមុខនេះដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay