អភិបាលខេត្តប៉ៃលិន ផ្តល់រថយន្តក្រុងចំនួន ០២គ្រឿង ដើម្បីជួយដឹកជញ្ជូនសិស្សានុសិស្ស តាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររកស៊ី ក្នុងខេត្តចាន់ថៈបុរីនៃព្រះរាជាណាចក្រថៃ ជាប់ព្រំដែនភូមិសាស្ត្រខេត្តប៉ៃលិន, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានឧបត្ថម្ភ និងរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ចំនួន ២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្ស ដែលឆ្លងដែនជាប្រចាំថ្ងៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មកសិក្សារៀនសូត្រ តាមបណ្តាសាលារៀននានាក្នុងខេត្តដោយឥតគិតថ្លៃ ។

បើតាមការបញ្ជាក់របស់លោក សែត្រ វិចិត្រ នាយករដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងការសម្រួលដល់ការលំបាករបស់អាណាព្យាបាល និងសិស្សានុសិស្ស ដែលស្នាក់នៅបណ្តោះអាសន្ន ប្រកបរបររកស៊ីទទួលទាន នៅខេត្តចាន់ថៈបុរី ព្រះរាជាណាចក្រថៃ ជាប់នឹងច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ហើយត្រូវមកសិក្សារៀនសូត្រជាប្រចាំថ្ងៃ ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ខេត្តប៉ៃលិនលោកជំទាវបណ្ឌិត បានចាត់ឱ្យមន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងផ្តល់នូវរថយន្តក្រុង ចំនួន២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្សទាំងទៅ ទាំងមកចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះតទៅដោយឥតគិតថ្លៃ ដែលពេលព្រឹក ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកទៅសាលារៀន) ទីកន្លែងទទួលនៅច្រកទ្វាអន្តរជាតិព្រំ ពេលវេលាចេញដំណើរ ៖ ៦.០០នាទីព្រឹក និងពេលរសៀល ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកពីសាលារៀនមកវិញ) ទីកន្លែងទទួល ៖ ក្នុងបរិវេណសាលាអនុវិទ្យាល័យផ្សារព្រំ ពេលវេលាចេញដំណើរ ៖ ៥.០០នាទីល្ងាច។

សូមរំលឹកថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើងចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោចក្រយាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រយៈពេលជាង១ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាលនៃគណៈអភិបាលខេត្ត បានឧបត្ថម្ភ និងផ្តល់រថយន្តក្រុងជាច្រើនគ្រឿង សម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ ដោយថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន និងថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។



ប្រភព៖ ក្រសួងព័ត៌មាន