ស្នងការនគរបាលខេត្តព្រះសីហនុ បង្រ្កាបក្រុមក្មេងទំនើងប្រើពូ-ថៅ និងដែកបន្ទះវា-យកា-ប់ទៅលើជនរងគ្រោះម្នាក់ នៅចំណុចរង្វង់មូលព្រះថោង
(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការនគរបាលខេត្តព្រះសីហនុ បង្រ្កាបក្រុមក្មេងទំនើងប្រើពូ-ថៅ និងដែកបន្ទះវាយកាប់ទៅលើជនរងគ្រោះម្នាក់ នៅចំណុចរង្វង់មូលព្រះថោង។

តាមការបញ្ចាក់របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បន្ថែមថា នៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០៣:២៦នាទីទៀបភ្លឺ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីក្មេងទំនើង ១ក្រុម មានគ្នា ០៩នាក់ ជិះម៉ូតូ១គ្រឿង និងបើករថយន្ដ១គ្រឿងបានវាយ និងកាប់លើក្រុមជនរងគ្រោះចំនួន ៥នាក់ ម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសមនុស្ស២នាក់ (ស្រាល) និងខូចម៉ូតូ១គ្រឿង រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះដល់កន្លែងកើតហេតុភ្លាមៗ ដោយស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ និងដកហូតវត្ថុតាងមួយចំនួនផងដែរ ។
១- ឈ្មោះ ហម ភៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
២- ឈ្មោះ នាយ វីថៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៣- ឈ្មោះ នី វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៤- ឈ្មោះ ធុ យុទ្ធីភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៥- ឈ្មោះ ហម នៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ពូថៅ) ។
៦- ឈ្មោះ ផា ម៉ាប់ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង(អ្នកបើករថយន្ត) ។

ដោយឡែកឈ្មោះ ហុីង ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរជាងភ្លើង និង ០២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។ ជនសង្ស័យទាំង ០៩នាក់ខាងលើ ស្នាក់នៅ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំពោះវត្ថុតាងដែចាប់បានមានដូចជា៖
-ពូថៅចំនួន០១ដើម
-ដែកបន្ទះចំនួន០៥បន្ទះ
-ទូរស័ព្ទចំនួន០៣គ្រឿង
-ម៉ូតូ១គ្រឿង
-រថយន្ត០១គ្រឿង ។
ចំពោះមូលហេតុផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយក្រុមជនសង្ស័យជិះម៉ូតូបុកប៉ះគ្នាជាមួយជនរងគ្រោះនៅចំណុចជិតកាហ្វេប្រោន សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចជនសង្ស័យក៏ជិះរត់គេច ហើយជនរងគ្រោះជិះម៉ូតូដេញតាមសុំសម្រួល តែជនសង្ស័យក៏ទូរស័ព្ទហៅបក្ខពួកខ្លួនមក ដោយប្រាប់ថាមានគេជិះម៉ូតូដេញវាយនៅចំណុចព្រះថោង ពេលនោះក្រុមបក្ខពួកជនសង្ស័យក៏នាំគ្នាជិះរថយន្តស្ទូចមកបុកជនរងគ្រោះពីក្រោយ ហើយបានធ្វើសកម្មភាពវាយកាប់ម៉ូតូ របស់ជនរងគ្រោះខ្ទេចតែម្តង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកស្នងការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ច កំពុងបន្តស្វែងរកជនសង្ស័យដែលរត់គេចខ្លួន៕



ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ