ថែសុខភាពផង! កម្ពុជាអាចនឹងចុះត្រជាក់ ពី ១៥°C ដល់ ១៨°C ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែមករាខាងមុខនេះ
យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា តាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា របបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និងត្បូងឃ្មុំ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។
២.តំបន់ខ្ពង់រាប៖ ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានសីតុណ្ហភាពមធ្យមអប្បបរមា ១៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង និងជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៤,៥០ ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺឈឺថ្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បី ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម