ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ នៅអង្គរវត្ត នឹងមានអ្នកចូលរួមជាង ១២០០នាក់

    BY soknita January 6, 2025
    ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ នៅអង្គរវត្ត នឹងមានអ្នកចូលរួមជាង ១២០០នាក់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត នឹងប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខ។

    លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ព្រោះខ្មែរមានភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ ដោយសារតែខ្មែរមានអក្សរបានចារិកទុកនៅតាមប្រាសាទនានាផង។ ដូច្នេះហើយបានជា «សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ និងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។ សំណេរអង្គរក៏មានគោលបំណងផ្សារភ្ជាប់ទៅនឹងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។

    ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងនៅលើស្ពានហាលផ្នែកខាងលិច របស់ប្រាសា ទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំ និងមនុស្សចាស់ ដែលមានអាយុរហូតដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។

    លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានចាត់ទុកថាកម្មវិធីសំណេរអង្គរលើកទី២ក្នុងឆ្នាំ២០២៥នេះ ក៏មានសារៈសំខាន់ខ្លាំងដែលស្ដែងចេញនូវអារ្យធម៌និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំជាច្រើនឡើងវិញ។ លោកបញ្ជាក់ទៀតថា សំណេរអង្គរក៏មានសារសំខាន់ណាស់ដែរ ក្នុងការជួយបង្កើតចលករផ្សេងៗ លើផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។ សំណេរអង្គរលើកទី១ ធ្លាប់បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្តម្ដងមកហើយ កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ ដោយមានចំនួនអ្នកចូលរួមប្រមាណ ៨០០នាក់។

    ការប្រឡងសរសេរតាមអានសំណេរអង្គរ គណៈកម្មការនឹងចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនបន្ទាប់ពីចប់ការប្រឡង ហើយនឹងប្រកាសលទ្ធនារសៀលថ្ងៃដដែលនោះ។ សម្រាប់ជ័យលាភីនឹងត្រូវបែងចែកជា២ គឺបេក្ខជនអាយុ ១៨ឆ្នាំ ចុះក្រោម មានជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៥លានរៀល លេខ២ទទួលបាន៣ លានរៀល និងលេខ៣ ទទួលបាន ២លានរៀល និងបេក្ខអាយុ ១៩ឆ្នាំឡើង មានជ័យលាភីលេខ ១-៣ ទទួលបានរង្វាន់ដូចគ្នា ហើយសម្រាប់ជ័យលាភីអក្សរស្អាតជាងគេ ខាងមេធាវីជាអ្នកឧបត្ថម្ភ ដោយឱ្យអ្នកអក្សស្អាតជាងគេសសេរដោយដៃផ្ទាល់ នូវក្រមរដ្ឋប្បវណី និងក្រមព្រហ្មទណ្ឌ ទុកជាប្រវត្តិសាស្រ្តទៅថ្ងៃក្រោយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay