សមត្ថកិច្ចឃាត់ខ្លួន អ្នកបើករថយន្ត LEXUS RX330 ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយតារាចម្រៀងរ៉េប Ruthko ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី
នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញឃាត់ខ្លួនអ្នកបើករថយន្ត LEXUS RX330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី។

យោងតាមការបញ្ចាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០១ និង ៣០នាទី បានកើតឡើងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក៏បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។

ចំពោះភាគីរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2_4771 បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០ (បុរីប៉េងហួត៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (អ្នកបើកបររថយន្តនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក) អ្នកបើកបររថយន្តសមត្ថកិច្ចត្រួតពិនិត្យគឺគ្មានជាតិអាល់កុលនោះទេ។
ដោយឡែក ភាគីម៉ូតូ ម៉ាក HONDA CRF ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL_9616 បើកបរដោយ ឈ្មោះ ដាវិឌ ប្ញទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ តារាចម្រៀងមានទីលំនៅផ្ទះលេខ៤៩_៥១ ផ្លូវលេខ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

