ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានក្រោយមានករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាន់រីសត
នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈ ព័ត៌មានទូរទស្សន៍មហាផ្ទៃ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាន់រីសត ដើម្បីតវ៉ាឱ្យមានពេលឈប់សម្រាកគ្រប់គ្រាន់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន ឱ្យបានដឹងថា៖ នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ៤០ នាទី មានបុគ្គលិកជនជាតិបរទេស របស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ ជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបាន កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង ៥៧ នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ ដោយទទួលបានលទ្ធផលដូចខាង ក្រោម ៖
– ជនជាតិបរទេសទាំងនោះ ពួកគាត់បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយ នៅខេត្តព្រះសីហនុ រយៈពេលពី ០២-០៣ ខែ មកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ ឲ្យមកធ្វើ ការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ វិញ ។
ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល ១០ ថ្ងៃ ត្រូវអ្នក គ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុង គោលបំណង តវ៉ាឱ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ។
ក្រោយធ្វើការសាកសួរទៅលើជនបរទេសទាំង ៥៧នាក់ នោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ ទៅស្នាក់ការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំ ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕



ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ