មន្ត្រីវប្បធម៌ បង្ហាញអំពីរបៀបប្រឡងក្នុងព្រឹត្តិការណ៍សំណេរអង្គរ លើកទី២
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មន្ត្រីអាជ្ញាធរជាតិអប្សរា មន្ត្រីរៀបចំព្រឹត្តិការណ៍សំណេរអង្គរ បានបង្ហាញអំពីគន្លឹះនៅក្នុងការចូលរួមសរសេរប្រឡងក្នុងព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរបេក្ខជនដែលនឹងត្រៀមប្រឡង នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ» លើកទី២ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា ការសរសេរក្នុងន័យជាទូលំទូលាយ មិនមែនសំដៅតែសរសេរទៅលើតែអង្គរទេ ប៉ុន្តែជាការសរសេរបែបលក្ខណៈទូលំទូលាយ ក្នុងការរៀនសូត្រ ក្នុងការអប់រំ។ ការអប់រំនេះ វានាំមកនូវភាពថ្កុំថ្កើង ភាពភ្លឺស្វាង សម្រាប់អនាគតនៃបុគ្គលនីមួយៗ ក្រៅពីនោះទៀតសោតក៏ និងកាន់តែឱ្យសាធារណៈមតិយល់កាន់តែខ្លាំងអំពីអត្ថន័យនៃអង្គរ ព្រោះប្រធានបទរបស់យើងអំពីសំណេរអង្គរ។ ការស្វែងយល់អំពីអតីតកាលរបស់ខ្លួននោះ កាន់តែធ្វើឱ្យយើងជាអ្នកជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់ គួរប្រតិបត្តិនូវអ្វីដែលគួរប្រតិបត្តិ អ្វីដែលមិនគួរប្រតិបត្តិ ហើយក៏ត្រូវជំរុញនូវអ្វីដែលខ្លួនគិតថា ជាចំណុច ជាចលករ ដើម្បីឱ្យមានការអភិវឌ្ឍ ក្នុងសង្គមនិងសេដ្ឋកិច្ចជាតិយើងទៅថ្ងៃអនាគត់»។

ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាគណៈកម្មការរៀបចំសំណេរអង្គរបានថ្លែងថា៖ «សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ និងមហាជនទូទៅ សរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។
លោកបានពន្យល់បន្ថែមអំពីពិធីប្រមូលឯកសារទៀតថា «ការកត់ត្រាអក្សរនេះ គឺជាមូលដ្ឋាននៃការកត់ត្រាប្រវត្តិសាស្ត្រ ឱ្យដឹងអំពីខ្លួនឯងអតីតកាលអ្វី ហើយទៅថ្ងៃអនាគត មនុស្សជំនាន់ក្រោយ និងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួនឯង តាមរយៈអក្សរនេះឯង ហើយបើសិនប្រជាជាតិមួយ ដែលគ្មានអក្សរសាស្ត្ររីកចម្រើន អភិរក្សឱ្យបានល្អ គឺមិនអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់យើងបានទេ អក្សរសាស្ត្រគឺពិតជាសំខាន់ខ្លាំងណាស់។ ដូច្នេះហើយបានជាកម្មវិធីសំណេរអង្គរ ត្រូវបានបង្កើតឡើង ដើម្បីជំរុញឱ្យមនុស្សទាំងជំនាន់បច្ចុប្បន្ន ទាំងជំនាន់ក្រោយ ខិតខំថែរក្សា អភិរក្សឱ្យបាន។
ឯកឧត្តម លឹម ប៊ុនហុក បន្តថា ចំពោះវិញ្ញាសារសំណេរអង្គរ បេក្ខជនត្រូវសរសេរទៅតាមអ្វីដែលគណៈកម្មការហៅជូន ដោយផ្តោតទៅលើអក្ខរាវិរុទ្ធ សរសេរ បានត្រឹមត្រូវស្របតាមលក្ខខណ្ឌដែលបានកំណត់។ ទោះយ៉ាងណាឯកឧត្តម បញ្ជាក់ថា វិញ្ញាសារក្នុងឆ្នាំ២០២៥នេះ ហាក់មានពាក្យពិបាកច្រើន ដូច្នេះបេក្ខជនត្រូវត្រៀមខ្លួន ខិតខំសិក្សា ស្រាវជ្រាវ និងកត់ត្រាចំណេះដឹងទូទៅឱ្យបានទូលំទូលាយ។

សូមបញ្ជាក់ថា សំណេរអង្គរ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់អក្សរសាស្ត្រខ្មែរ ជាពិសេសគឺជួយឱ្យប្រជាពលរដ្ឋមហាជនទូទៅ កែប្រែទម្លាប់អក្ខរាវិរុទ្ធក្នុងការសរសេរ និងអានពាក្សខ្មែរឱ្យត្រឹមត្រូវឡើងវិញ ខណៈក្រសួងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងមហាជនទូទៅ បានគាំទ្រព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះយ៉ាងខ្លាំង។
ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរ ឆ្នាំ ២០២៥ នេះ មានបេក្ខជនចូលរួមចំនួន១២២០អង្គ/នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំ និងមនុស្សចាស់ដែលមានអាយុរហូតដល់៨២ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង។ សម្រាប់ជ័យលាភីនឹងត្រូវបែងចែកជាពីរ គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម មានជ័យលាភីលេខ១ ទទួលបានរង្វាន់ថវិកា៥លានរៀល លេខ២ ទទួលបាន ៣លានរៀល និងលេខ៣ ទទួលបាន ២លានរៀល និងបេក្ខជនអាយុ១៩ឆ្នាំឡើង មានជ័យលាភីលេខ១ដល់៣ ទទួលបានរង្វាន់ដូចគ្នា ដោយឡែកជ័យលាភីអក្សរស្អាតជាងគេ នឹងត្រូវសម្រាំងទុកសម្រាប់ការសសេរសៀវភៅក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ ដោយផ្ទាល់ដៃ ទុកជាប្រវត្តិសាស្រ្តទៅថ្ងៃក្រោយ។
បេក្ខជន បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខ១ ក្រៅពីថវិកា ឬរង្វាន់លើកទឹកចិត្តហើយនោះ ក៏មានពាន់រង្វាន់ដែលមានឆ្លាក់ឈ្មោះ និងសំណេរដែលជាប់ចំណាត់ថ្នាក់នោះ នឹងតម្កល់ទុកនៅក្រសួងអប់រំយុវជននិងកីឡា។ ដោយឡែកចំពោះការប្រឡងសរសេរតាមអានសំណេរអង្គរ គណៈកម្មការនឹងចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជនភ្លាមៗបន្ទាប់ពីចប់ការប្រឡង ហើយនឹងប្រកាសលទ្ធនារសៀលថ្ងៃដដែលនោះ។
ការរៀបចំព្រឹត្តិការណ៍ «សំណេរអង្គរ»លើកទី២ បានទទួលការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធនានា រួមជាមួយអាជ្ញាធរជាតិអប្សរា វិស័យឯកជនផង និងក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ក្នុងគោលបំណង លើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អរបស់ព្រះរាជាណាចក្រកម្ពុជាផង។
សូមរំលឹកថា ព្រឹត្តិការណ៍ «សំណេរអង្គរ» កាលពីលើកទី១ បានរៀបចំនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយមានបេក្ខជនចំនួនប្រមាណ ៨០០នាក់។ ឆ្លងកាត់បទពិសោធន៍ និងភាគជោគជ័យ ទាំងនេះ បានរំលេចឡើងវិញនូវ ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ឆ្នាំ២០២៥ នេះ។




ប្រភព៖ ក្រសួងព័ត៌មាន