រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Dubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ក្រសួងទេសចរណ៍ បានទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Dubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ដោយនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកស្រី Laurence ERBS នាយិកាគ្រប់គ្រងក្រុមហ៊ុនព្រលានយន្តហោះ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Dubai Production ដែលមកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
ចំពោះការថតខ្សែភាពយន្តនេះ មានការចូលរួមពីក្រសួងទេសចរណ៍ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅប្រទេសកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម និងក្រុមការងារផលិតកម្ម Dubai Production ចំនួន ៣៧រូប រួមមានតារាល្បីៗ ប្រចាំប្រទេសចំនួន១០រូប ដែលម្នាក់ៗ មានអ្នកគាំទ្រផ្ទាល់ខ្លួនជាងមួយលាននាក់ មកពីសាធារណរដ្ឋកាហ្សាក់ស្ថាន គ្រោងនឹងផលិតវីដេអូភាពយន្តនៅកម្ពុជាស្តីពី “ដំណើរកម្សាន្តនៃគូស្នេហ៍ចំនួន ៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា”។

ការថតភាពយន្តនេះ នឹងចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត ជាពិសេស នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និងនេះជាលើកទី១ ដែលប្រទេសកាហ្សាក់ស្ថានជ្រើសរើស កម្ពុជាសម្រាប់ថតខ្សែភាពយន្ត ដែលជាគោលដៅទេសចរណ៍ ប្រកបដោយសុខសន្តិភាពល្អក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈសង្គម ស្អាត បៃតង និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ពិសេសសន្តិសុខសុវត្ថិភាព ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីទីតាំងដែលមានសក្តានុពលទេសចរណ៍កម្ពុជាទៅលើឆាកអន្តរជាតិ៕





ប្រភព៖ ក្រសួងទេសចរណ៍