ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោង «ចតុ» នឹងផ្តល់នូវចំណេះដឹងបួនយ៉ាងដល់យុវជនកម្ពុជា ដែលស្រឡាញ់វិស័យសិល្បៈ

    BY soknita January 15, 2025
    គម្រោង «ចតុ» នឹងផ្តល់នូវចំណេះដឹងបួនយ៉ាងដល់យុវជនកម្ពុជា ដែលស្រឡាញ់វិស័យសិល្បៈ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថានទូតបារាំងប្រចំាកម្ពុជា និងវិទ្យាស្ថានបារាំងប្រចាំកម្ពុជាបានប្រកាសដាក់​ដំណើរ​ការជាផ្លូវការនូវគម្រោងថ្មីមួយដែលមាន​ឈ្មោះថា «ចតុ» ដើម្បីជួយ​គាំទ្រដល់ការតែងនិពន្ធ និងការបង្កើតស្នាដៃថ្មីៗរបស់យុវជនកម្ពុជាដែលមាន​ទេពកោសល្យ​នៅក្នុង​​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រឌិតនៅកម្ពុជា។ នេះ​បើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ស្ថានទូតបារាំងប្រចាំ​កម្ពុជា​នៅថ្ងៃពុធទី ១៥ ខែមករា ឆ្នាំ ២០២៥ ​នេះ។

    គម្រោង​នេះទទួលហិរញ្ញវត្ថុពីមូលនិធិ Equipe France Création នៃក្រសួង​អឺរ៉ុប និងការបរទេសបារាំង ហើយត្រូវ​អនុវត្តក្នុងភាព​ជាដៃគូជាមួយ​តួអង្គ​សំខាន់ៗនៃវិស័យវប្បធម៌កម្ពុជា រួមមាន៖ គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា, ផលិតកម្ម Anti-Archive, ផលិតកម្មកងចក្រ និងអង្គការសិល្បៈខ្មែរអមតៈ។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងតាំងពីខែតុលា ឆ្នាំ២០២៤ និងមានរយៈ​ពេលមួយឆ្នាំ។

    តើអ្វីទៅជាគម្រោង”ចតុ”?ស្ថានទូតបារំាងបានបញ្ជាក់ឱ្យដឹងក្នុងសេចក្តីប្រកាស​ព័ត៌មានរបស់ខ្លួនថា គម្រោង «ចតុ» មានគោលដៅ​ពង្រឹងសមត្ថភាពយុវជន យុវនារី​កម្ពុជាដែល​មានទេពកោសល្យក្នុងវិស័យសំខាន់ៗចំនួន៤ គឺ៖ គំនូរជីវចល ភាពយន្ត តន្ត្រី និងការរាំ។ កម្មវិធីនេះផ្តោតជាពិសេសលើ​សារ​សំខាន់នៃការតែងនិពន្ធក្នុងដំណើរការ​ច្នៃប្រឌិត ដែលជា​មូលដ្ឋា​នគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ឧស្សាហ​កម្មវប្បធម៌ និងច្នៃប្រឌិត។

    កម្មវិធីខាងលើមានគោលដៅបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈតាមរយៈការផ្តល់ការអប់រំមួយស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក និងគោលដៅនៃការអភិវឌ្ឍ​ប្រកបដោយចីរភាពក្នុងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

    លោកស្រី ហ្វាននី ប៉ាហ្គេស(Fanny Pagès) នាយិកាប្រតិភូ និងជាមន្ត្រីទទួល​បន្ទុកផ្នែកវប្បធម៌នៃវិទ្យាស្ថានបារាំង​នៅកម្ពុជា មានប្រសាសន៍ថា «យើងដាក់​ឈ្មោះកម្មវិធីនេះថា ចតុ ដោយសារពាក្យនេះឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិត និង​លើកស្ទួយតម្លៃភាសា និងវប្បធម៌ខ្មែរ។ ចតុ មានន័យថាបួន ហើយជាពាក្យដ៏​សំខាន់មួយនៅក្នុងវប្បធម៌ខ្មែរ។ ជាក់ស្តែង ពាក្យនេះត្រូវបានប្រើសំដៅ​លើ​ទិសធំៗទាំងបួន សាលសន្និសីទចតុមុខដែលស្ថិតនៅចំណុច​ប្រសព្វនៃ​ទន្លេទាំងបួន ឬឈ្មោះ​ប្រវត្តិសាស្រ្តរបស់រាជធានីភ្នំពេញជាដើម។ តាមរយៈឈ្មោះនេះ កម្មវិធីចតុស្ថិតនៅចំណុចប្រសព្វនៃ​វិស័យ​សំខាន់ៗបួន ដោយធ្វើឱ្យវិស័យទាំងនោះមានទំនាក់ទំនងគ្នា និងផ្តល់ភាពសម្បូរបែបឱ្យ​គ្នាទៅវិញទៅមក» ។

    គម្រោង«ចតុ»មានគោលដៅសំខាន់ៗ៣គឺ៖ ការពង្រឹងសមត្ថភាពសិល្បៈ ការអភិវឌ្ឍសមត្ថភាពផ្នែកសហគ្រិនភាពនៅ​ក្នុងវិស័យវប្បធម៌ និងការរៀបចំ​សិក្ខាសាលាកម្រិតតំបន់មួយ ដែលផ្តោតលើឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។

    ការបណ្តុះ​បណ្តាលគឺជាចំណុចចាប់ផ្តើមនៃកម្មវិធីនេះ។ សិក្ខាកាមមកពីតំបន់នានានឹងទទួលការបណ្តុះបណ្តាលដែលបង្ហាត់បង្រៀនដោយគ្រូជនជាតិបារាំងទៅតាមជំនាញរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលទាំងនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់មធ្យោបាយចាំបាច់នានាដល់យុវជនក្នុងការដុសខាត់សមត្ថភាពបច្ចេកទេស និងពង្រីកវិសាលភាព ច្នៃប្រឌិតរបស់ពួកគេ។ ក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល សិក្ខាកាមត្រូវ​អនុវត្តជាក់​ស្តែង ដោយបញ្ចេញសមត្ថភាពបង្កើតស្នាដៃសិល្បៈទៅ​តាមជំនាញ​រៀងខ្លួន ដូចជាផលិតគំនូរជីវចល សរសេរពាក្យពេចន៍​តួអង្គ និពន្ធបទភ្លេង ឬបង្កើតក្បាច់រាំ ដែលបង្ហាញពីទម្រង់សិល្បៈចម្រុះនៃកម្មវិធីនេះ។

    នៅចុងបញ្ចប់ស្នាដៃសិល្បៈផ្សេងៗនឹងត្រូវបង្ហាញជូនសាធារណជនកម្ពុជាតាមរយៈព្រឹត្តិការណ៍មួយដែលអនុញ្ញាតឱ្យយុវជនយុវនារីជាអ្នកច្នៃប្រឌិតបញ្ចេញស្នាដៃរបស់ខ្លួន។ ការបង្ហាញនេះមានគោលដៅធ្វើឱ្យមហាជនស្គាល់ពួកគេកាន់តែច្បាស់ និងរួម​ចំណែក​យ៉ាងសកម្មក្នុងភាពរស់រវើកនៃវប្បធម៌ ដែលកំពុងរីកដុះដាល​នៅ​កម្ពុជា។

    ចំពោះដៃគូគម្រោង កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលអំពីការផលិត​គំនូរ​ជីវចលពីរឿងនិទាន ដោយសហការជាមួយ​គ្រឹះស្ថាន​បោះពុម្ពផ្សាយ​ស៊ីប៉ា ការបណ្តុះបណ្តាលអំពីការសរសេរពាក្យពេចន៍តួអង្គ ដោយសហការ​ជាមួយផលិតកម្ម Anti-Archive និងការបណ្តុះបណ្តាលជំនាញភ្លេងនិងតន្រ្តី ដោយសហការជាមួយផលិតកម្មកងចក្រ។ ក្រៅពីនេះ កម្មវិធីចតុ​ក៏ជួយជ្រោម​ជ្រែងសិល្បករក្នុងការបង្កើតក្បាច់រំាំថ្មីៗផងដែរ ដោយសហការជាមួយ​អង្គការសិល្បៈខ្មែរអមតៈ។ ការបណ្តុះបណ្តាលមានថិរវេលាជាមធ្យម៨ថ្ងៃ និងត្រូវធ្វើឡើងដោយគ្រូជនជាតិបារាំង ដែល ក្រៅពីការបង្ហាត់បង្រៀន នឹងជួយជ្រោមជ្រែងសិក្ខាកាមក្នុងការបង្កើតស្នាដៃសិល្បៈ។

    ពាក់ព័ន្ធនឹងការជ្រើសរើសបេក្ខជនឱ្យចូលសិក្សាវិញ យុវជនកម្ពុជាត្រូវបាន​ជ្រើសរើសតាមរយៈការប្រកាសទទួលបេក្ខភាព​ដែលត្រូវបានផ្សព្វ​ផ្សាយ​នៅលើគេហទំព័រ និងបណ្តាញសង្គមរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងដៃគូ។ បេក្ខជនត្រូវមាន​សញ្ជាតិខ្មែរ មានបទពិសោធន៍ និងត្រូវបង្ហាញគម្រោង​សិល្បៈមួយ ដែលខ្លួនចង់បង្កើតឡើងនៅក្នុងជំនាញរបស់ខ្លួន។ បេក្ខជន៦០នាក់ដែលត្រូវបានជ្រើសរើស(១៥នាក់ក្នុងមួយមុខជំនាញ) មានឱកាសចូលរួមក្នុងវគ្គសិក្សាពេញ​ម៉ោងដឹកនាំ​ដោយគ្រូជនជាតិបារាំង ដែលនឹងផ្តល់ឲ្យពួកគេនូវចក្ខុវិស័យអន្តរជាតិ និងសមត្ថភាពដ៏មុតស្រួចក្នុង​ជំនាញនីមួយៗ។

    សម្រាប់រយៈពេលវែង កម្មវិធី«ចតុ»មានគោលដៅគាំទ្រដល់ខឿនវប្បធម៌ខ្មែរ ដោយផ្តល់ដល់យុវជន ដែលមានទេព​កោសល្យ​នូវមធ្យោបាយចាំបាច់ដើម្បី​អភិវឌ្ឍគម្រោងច្នៃប្រឌិតរបស់ខ្លួន។ អ្នកទទួលផលចុងក្រោយគឺមហាជនកម្ពុជា ដែលអាចទស្សនាស្នាដៃនានាបង្កើតឡើងក្នុងពេលបណ្តុះបណ្តាល និងរួម​ចំណែកលើកស្ទួយកិត្យានុភាពនៃ​ឧស្សាហកម្ម​វប្បធម៌កម្ពុជា។ «ចតុ»មានគោលដៅយូរអង្វែង ដើម្បីពង្រឹងចំណងវប្បធម៌ និងច្នៃប្រឌិតរវាង​កម្ពុជា និងបារាំង ដោយលើកកម្ពស់ភាពសម្បូរបែប និងភាពចម្រុះនៃ​ទេព​កោសល្យកម្ពុជា។

    បើយោងតាមស្ថានទូតបារាំង គ្រូជំនាញជាច្រើនរូបជាអ្នកបណ្តុះបណ្តាល​ដោយផ្ទាល់ ។ ក្នុងនេះទី១. គំនូរជីវចល បង្រៀន​ដោយ Simon Hureau និង Jean Louis Tripp,ទី២. ភាពយន្ត៖ Anna Ciennik, Goeffroy Grison និង Wim Vanacker,ទី៣.តន្ត្រី បង្រៀនដោយ Jean-Charles Bastion សម្រាប់តន្ត្រីអមរូបភាព, Amaury Crétois សម្រាប់រឿង​និទានជាសំឡេង, Anne Paceo និង Dorothée Hannequin សម្រាប់​តន្ត្រីផ្សាយបន្តផ្ទាល់ និងតន្ត្រីថតទុកនិងទី៤.ផ្នែករាំ បង្រៀនដោយ​ Fouad Boussouf និង Emmanuèle Phuon៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay