រាជបណ្ឌិត្យសភាកម្ពុជា ផ្តល់ជូន «កម្មវិធីបង្រៀនដោយឥតគិតថ្លៃលើបុកល្ហុងបាយដំណើបពិសេសនៅរាជបណ្ឌិត្យសភាកម្ពុជា»
នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់ជូននូវកម្មវិធីបង្រៀនដោយឥតគិតថ្លៃលើបុកល្ហុងបាយដំណើបពិសេសជូនដល់សាធារណជនដែលមានឧបនិស្ស័យក្នុងវិស័យម្ហូបអាហារពីគ្រប់ទិសទី។ ក្នុងវគ្គសិក្សាពិសេសនេះ សិក្ខាកាមទាំងអស់ មិនត្រឹមតែទទួលបានឱកាសសិក្សាឈ្វេងយល់អំពីទ្រឹស្តី បច្ចេកទេស និងគ្រឿងផ្សំប៉ុណ្ណោះទេ ប៉ុន្តែសិក្សាកាមទាំងអស់ក៏បានអនុវត្តផ្ទាល់លើមុខម្ហូបជាមួយ លោក ស័រ សំអាង ដែលជាគ្រូបង្គោលចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធី និងបានស្វាគមន៍សាធារណជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីមានដូចជា៖
ទី១. ផ្តល់ឱកាសជូនសាធារណជនយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃការធ្វើម្ហូបដែលមានបច្ចេកទេសនិងវិធីសាស្រ្តច្បាស់លាស់
ទី២. ធ្វើឱ្យសាធារណជនយល់កាន់តែច្បាស់អំពីគុណតម្លៃនៃវិស័យមុខម្ហូបដែលពោរពេញដោយគុណភាពនិងអនាម័យ
ទី៣. លើកទឹកចិត្តដល់សាធារណជនព្យាយាមប្រើប្រាស់កសិផលក្នុងស្រុកឱ្យកាន់តែច្រើនតាមដែលអាចធ្វើបាន។
ចំពោះព័ត៌មានបន្ថែមនឹងការបណ្តុះបណ្តាលនានា អាចទាក់ទងទៅកាន់លេខទូរសព្ទ ០៩៧ ៨២៦ ៥៤៧៩ ឬ ០៧៨ ៤២៤ ២៨១ និងទំព័រហ្វេសប៊ុកផ្លូវការ រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodia ឬ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា https://www.facebook.com/ctr.rac ៕




ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា