ជូនដំណឹង! អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍បណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ»
យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបិទចរាចរណ៍បណ្តោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ»។

អាជ្ញាធរជាតិអប្សរា ជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា អាជ្ញាធរជាតិ អប្សរានឹងបិទការធ្វើចរាចរណ៍នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ពីរសៀលថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ដើម្បីអនុញ្ញាតជូនក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាសរសេរតាមអានលើកទី២ «សំណេរអង្គរ» ក្នុងគោលបំណង ចូលរួម ចំណែកផ្សព្វផ្សាយ និងលើកកម្ពស់អក្សរសាស្ត្រខ្មែរ។ ក្នុងអំឡុងពេលនៃការបិទចរាចរណ៍ខាងលើនេះ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ អាចប្រើប្រាស់ស្ពានបណ្តែតទឹកជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕



ប្រភព៖ អាជ្ញាធរជាតិអប្សរា