កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ២ម៉ឺនដុល្លារបន្ថែមទៀតជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ
នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ២ម៉ឺនដុល្លារ បន្ថែមទៀតជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកនូវថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀត ទៅប្រគល់ជូនស្ត្រីរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ដែលបណ្តាលឱ្យមនុស្ស៣នាក់ ឪពុក និងកូនប្រុសស្រី ២នាក់ ស្លាប់ និងស្រ្តីជាម្តាយខាងលើនេះ រងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង ១៨៖០០នាទីល្ងាច នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។


