ពិធីបុណ្យចូលចិនខាងមុខនេះ កន្លែងលក់ផាវ និងកាំជ្រួចមិនអនុញ្ញាតឱ្យលក់ឡើយ បើក្នុងករណីរកឃើញមានការដឹកជញ្ជូនផាវកាំជ្រួចត្រូវចាប់ឃាត់ទុក
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។

ដោយក្នុងកិច្ចប្រជុំមួយនេះ បានដាក់ចេញនូវគោលការណ៍ឱ្យក្រុមជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ សហការចុះផ្សព្វផ្សាយអប់រំដល់កន្លែងលក់ផាវ និងកាំជ្រួច ជាពិសេសមិនអនុញ្ញាតឱ្យលក់ផាវ និងកាំជ្រួចនោះទេ។ ក្នុងករណីរកឃើញមានការដឹកជញ្ជូនផាវកាំជ្រួចត្រូវចាប់ឃាត់ទុក ឬណែនាំមិនអនុញ្ញាតឱ្យមានការដុតផាវ ដុតកាំជ្រួច ដែលមានហានីភ័យបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយឡើយ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យត្រៀមរថយន្តពន្លត់អគ្គិភ័យ ដើម្បីចេញសង្រ្គោះអគ្គីភ័យ និងពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ចេញល្បាតត្រួតពិនិត្យបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

