សមាជិក ប.ស.ស. ដែលធ្លាក់ខ្លួនឈឺ ឬជួបគ្រោះថ្នាក់ផ្សេងៗ សម្រាកព្យាបាលចាប់ពីថ្ងៃទី ៨ ឡើងទៅ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ
យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅរសៀលថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាបុគ្គលិក ឬកម្មករនិយោជិត មានជំងឺ ឬជួបគ្រោះថ្នាក់ផ្សេងៗ នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ បើសិនសម្រាកព្យាបាលចាប់ពីថ្ងៃទី ៨ ឡើងទៅ។

ចំពោះសមាជិក ប.ស.ស. ដែលជាបុគ្គលិក ឬកម្មករនិយោជិតដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាសគ្រឹះស្ថាន មិនអាចមកធ្វើការបានដោយសារការធ្លាក់ខ្លួនមានជំងឺ ឬជួបគ្រោះថ្នាក់ផ្សេងៗ ដែលមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យព្យាបាល ដែលតម្រូវឱ្យសម្រាកព្យាបាលចាប់ពីថ្ងៃទី៨ ឡើងទៅនោះ ប.ស.ស. នឹងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃរបស់សាមីខ្លួនដែលជាសមាជិក ប.ស.ស. ដោយរាប់ចាប់ពីថ្ងៃទី១ ដែលសមាជិក ប.ស.ស. បានទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យដៃគូរបស់ ប.ស.ស.។ ការផ្តល់ជូននេះ លុះត្រាតែសមាជិក ប.ស.ស. បានបង់ភាគទានផ្នែកថែទាំសុខភាពមក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ឬ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ខែដែលមានបញ្ហាសុខភាព។
ដោយឡែកសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ នឹងទទួលបានប្រាក់បំណាច់មាតុភាព ពី ប.ស.ស. ហើយការផ្តល់ជូននេះ លុះត្រាតែសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន បានបង់ភាគទានផ្នែកថែទាំសុខភាពមក ប.ស.ស. យ៉ាងតិច ៩ខែក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ខែដែលបានសម្រាលកូន។ ចំពោះព័ត៌មានបន្ថែមអាចទាក់ទងមទៅកាន់លេខ ១២៩៧ ឬ ១២៨៦៕


ប្រភព៖ បេឡាជាតិសន្តិសុខសង្គម