អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភរួមគ្នាអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់ ១៥លានរៀល និងអ្នករបួស ៤លានរៀល
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ សារព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។

ដោយឡែក ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន ១០លានរៀល និងអ្នករងរបួសចំនួន ២លានរៀល។
សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២ និង៣០នាទី ចំនួនអ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ ៤ម៉ឺនរៀល និងអង្ករ ២គីឡូក្រាម៕




ប្រភព៖ Fresh News