ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរីឱ្យយកចិត្តទុកដាក់ប្រឆាំងការជួ-ញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់ៗមួយចំនួនទៀត

    BY soknita January 24, 2025
    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តមណ្ឌលគិរីឱ្យយកចិត្តទុកដាក់ប្រឆាំងការជួ-ញដូរមនុស្ស ការឆ្លងដែនខុសច្បាប់ និងកិច្ចការសំខាន់ៗមួយចំនួនទៀត

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ឱ្យយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតបានក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្សទៅវិញ។ ការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥។

    ឯកឧត្តមអភិសន្តិបណ្ឌិតមានប្រសាសន៍ថា ថ្មីៗនេះសមត្ថកិច្ចកម្ពុជាទប់ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួនត្រូវបានមេខ្យល់អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។ សមត្ថកិច្ចកម្ពុជាក៏បានរកឃើញករណីមេខ្យល់អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុតបានក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហាជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានឹងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះ គឺជាអំពើដ៏ស្មោកគ្រោក ដែលបាន និងកំពុងមានការកើនឡើងមិនថានៅក្នុងប្រទេសជុំវិញ និងប្រទេសក្នុងតំបន់នោះទេ។

    ក្នុងន័យនេះឯកឧត្តមបានអំពាវនាវដល់រដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យយល់ដឹងអំពីផលវិបាកនៃការប្រព្រឹត្តអំពើជួញដូរមនុស្សស្របពេលដែលបច្ចុប្បន្នមានមធ្យោបាយនៃការធ្វើទំនាក់ទំនង អូសទាញយុវតីតាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្នើឱ្យអាណាព្យាបាល ក៏ដូចជាសាច់ញាតិដែលមានសមាជិករបស់ខ្លួនប្រឈមនឹងការអូសទាញឱ្យធ្វើការងារនៅក្រៅប្រទេស សូមផ្ដល់ការប្រឹក្សាយោបល់សួរនាំ និងទំនាក់ទំនងមកកាន់អាជ្ញាធរដើម្បីបញ្ជាក់អំពីអ្វីដែលជាព័ត៌មានពិតមុននឹងធ្វើការសម្រេចចិត្ត។

    ពាក់ព័ន្ធនឹងការទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តីបានណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី និងបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាមបន្តសហការដឹកនាំកម្លាំងមានសមត្ថកិច្ចទប់ស្កាត់ឱ្យបាននូវរាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទាំងធ្វើដំណើរចូល-ចេញ ដើម្បីទប់ស្កាត់បទល្មើសព្រំដែន និងដើម្បីទប់ស្កាត់នូវបទល្មើសដែលអាចកើតឡើងតាមរយៈអ្នកឆ្លងដែនខុសច្បាប់ដូចជាការជួញដូរអាវុធ និងគ្រឿងញៀនជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay