សមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនជនដៃដល់ ក្នុងករណីរឹ-តកប្ល-ន់យករថយន្ដនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
- BY
- soknita
- January 25, 2025
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនជនដៃដល់ ក្នុងករណីរឹតកប្លន់យករថយន្ដនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជនដៃដល់ត្រូវចាប់ខ្លួនបាននៅខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ២១៖៥៥នាទី នៅចំណុចភូមិអន្លង់ជ្រៃឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ជនជាតិខ្មែរ បានធ្វើសកម្មភាពយកខ្សែភ្លើងរិតក និងវាយជនរងគ្រោះឈ្មោះ មាស មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់តាក់ស៊ី ដើម្បីប្លន់យករថយន្ត០១គ្រឿងម៉ាក TOYOTA PRUIS ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1033 បានសម្រេច រួចយកទៅលុងចោលនៅក្បែរទីតាំងកើតហេតុ (ដោយសារគ្មានសោរ) ហើយរត់គេចខ្លួនបាត់។
ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានសុំកិច្ចសហការជាមួយនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
លុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង២៣៖១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យខាងលើមានឈ្មោះ ស៊ុយ ដុល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី ចំពោះរថយន្តខាងលើ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ៕
- Share This Post: