ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការផ្តន្ទាទោសបុរសជនជាតិចិន ដែលបើកបរបង្កជាគ្រោះថ្នាក់​ចរាចរណ៍បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉កបាត់បង់ជីវិត នៅម្តុំស្តុបផ្សារពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុ

    BY Nisaiy KN January 26, 2025
    អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការផ្តន្ទាទោសបុរសជនជាតិចិន ដែលបើកបរបង្កជាគ្រោះថ្នាក់​ចរាចរណ៍បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉កបាត់បង់ជីវិត នៅម្តុំស្តុបផ្សារពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុ

    (ព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការផ្តន្ទាទោសបុរសជនជាតិចិនមួយរូប ដែលបើកបររថយន្តបង្កជាគ្រោះថ្នាក់​ចរាចរណ៍បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរុឺម៉កបាត់បង់ជីវិត នៅម្តុំស្តុបផ្សារពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុ។

    អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថាៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ កើតហេតុនៅលើវិថីឯករាជ្យ ចំណុចស្តុបពាណិជ្ជកម្ម ស្ថិតក្នុងភូមិពាសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥ និង ៥៥នាទីបង្កឡើងដោយឈ្មោះ YANG FENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន បើកបររថយន្ត ម៉ាក MERCEDES MAYBACH S650 ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BD-9689 មានអ្នករួមដំណើរ ២នាក់ ឈ្មោះ HU CHANG XU ភេទប្រុស ជនជាតិចិន និងឈ្មោះ NGUYEN THI THUY LINH ភេទស្រី ជនជាតិវៀតណាម, ចេញពីខារ៉ាអូខេហូងគ័ន ម្តុំកែងអិលវី គោលដៅទៅកន្លែងស្នាក់នៅលើភ្នំសាយហាក់ ធ្វើដំណើរតាមវិថីឯករាជ្យ មានទិសដៅពីកើតទៅលិច។ ពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដោយរថយន្តបើកបរក្នុងល្បឿនលឿន បានទៅបុកពីក្រោយម៉ូតូ ១គ្រឿង ម៉ាក YAMAHA SIRIUS ពណ៌ខ្មៅ មានសណ្តោងរ៉ឺម៉ក បើកដោយឈ្មោះ វ៉ាយ សៅ ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ក្នុងទិសដៅស្របគ្នា ធ្វើឱ្យឈ្មោះ វ៉ាយ សៅ ខ្នាតចេញពីចំណុចបុកមានចម្ងាយ ៤៩,៧០ម៉ែត្រ បណ្តាលឱ្យឈ្មោះ វ៉ាយ សៅ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ, ចំណែកឈ្មោះ YANG FENG ជាអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើតេស្តជាតិអាល់កុល រកឃើញអត្រាជាតិអាល់កុលចំនួន 1,30mg/L (មីលីក្រាមក្នុងមួយលីត្រខ្យល់) រួចកសាងសំណុំរឿងបញ្ជូនមក អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។

    ក្រោយពីតំណាងអយ្យការ បានពិនិត្យសំណុំរឿងនេះ ព្រមទាំងពិនិត្យភស្តុតាង និងឯកសារនានា ដែលបានកសាងឡើងដោយមន្ត្រីនគរបាលយុត្តិធម៌រួចមក ចំពោះអង្គហេតុករណីគ្រោះថ្នាក់ចរាចណ៍ខាងលើ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចបើការចោទប្រកាន់លើឈ្មោះ YANG FENG ពីបទៈ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចបណ្ដាលឱ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ កថាខណ្ឌទី ១ និងកថាខណ្ឌទី ២ ចំណុច ខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៨២ អ.យ.ទ/២៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បញ្ជូនទៅចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕


    ប្រភព៖ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ

    Share This Post: